ជីវប្រវត្តិ និង ស្នាដៃរបស់ លោក វ៉ាន់ឌី កាអុន
លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់
ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង
សង្គមសាស្ត្រ និងទស្សនវិជ្ជា។
លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ
ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ
ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួតជ្រាបឲ្យបានដល់ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី
បានអានវណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិននិងការពិត» (២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជាជ្រាបជាក់ជាពុំខាន។
ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ
ពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគនិងផ្សាយជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។
សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។
លោកវ៉ានឌី
កាអុន កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។
បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត។
នៅឆ្នាំ១៩៦៨
លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង
ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។
នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន
(AKP)។
នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ។
នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា
Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន
(AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ
លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២
ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥
ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
លោកបានរួចជីវិតពីសម័យខ្មែរក្រហម
ហើយលោកបានចូលទៅជាសមាជិក«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម
និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បានវាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧
ខែមករា ឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១
លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គមនិងនយោបាយ
ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច
ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។
ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា
លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ
(Radio France Internationale : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ
និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព
លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ
ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ
Pièrre-Richard Feray នៅសកលវិទ្យាល័យ
Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប
(Le Cambodge et ses difficultés d’insertion au monde moderne) ។
នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី
កាអុន៖
– សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ,
ភាគ១, ភ្នំពេញ ១៩៧១
– ក្បួនចិត្តសាស្ត្រ, សិក្សាកថា,
ភ្នំពេញ ១៩៧១
– វិភាគទាននៃការសិក្សា, ប្រាដកនិយម
និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ,
សិក្សាកថា, ភ្នំពេញ,១៩៧៣
– វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ,
ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី,
ភ្នំពេញ ១៩??
– សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
-Thmenh
Chey en français, étude, Phnom Penh 1973
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី
បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ
១៩៧៤
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ,
សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
-Réflexion sur la littérature khmère en français, étude, Phnom Penh 1981
-រឿងព្រេងបុរាណខ្មែរ,
ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-រឿងព្រេងបុរាណខ្មែរ,
ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-កោះបិសាច,
រឿងនិទាន, ភ្នំពេញ, ១៩៨៧
-Cambodge
: 1940-1990. La fin d’une époque, essai, Paris, 1991
-Cambodge
ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
-Cambodge.
La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០,
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩,
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា
ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ,
ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា,
ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា
ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ,
ភ្នំពេញ ២០១០
-សុបិននិងការពិត,
ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ
២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣។
បញ្ចេញ វាចារណ៏
No comments