ad

ad

ព្រឹត្តិការណ៏ថ្មី


ជំងឺទឹកនោមផ្អែម


ស្ថានភាពនៅលើពិភពលោក

នៅក្នុងឆ្នាំ ២០១០ មានអ្នកកើតជំងឺទឹកនោមផ្អែមចំនួន ២៨៥ លាននាក់នៅទូទាំងពិភពលោក។ សព្វថ្ងៃនេះមានអ្នកកើតជំងឺទឹកនោមផ្អែមកើនដល់ជាង ៣៨២ លាននាក់នៅទូទាំងពិភពលោក។ នៅឆ្នាំ ២០៣០ នឹងកើនដល់ ៤៣៨លាននាក់ ហើយវាជាមូលហេតុនាំមុខគេទី៧ដែលធ្វើអោយមនុស្សស្លាប់នៅទូទាំងពិភពលោក នេះបើតាមការព្យាករទុករបស់អង្គការសុខភាពពិភពលោក។ មនុស្សម្នាក់បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមគ្រប់ប្រាំបីវិនាទីម្តងនៅលើពិភពលោក ដែលតួលេខនេះមានច្រើនជាងការស្លាប់ដោយសារជំងឺអេដស៍និងជំងឺគ្រុនចាញ់រួមបញ្ចូលគ្នា។

ស្ថានភាពនៅប្រទេសកម្ពុជា

ចំណែកឯប្រទេសកម្ពុជាវិញ ក្នុងចំណោមប្រជាជនសរុប ១៤,៥លាននាក់ មានប្រជាជនប្រហែល ៣៥២ ០០០នាក់ នេះបើយោងតាមអាតលាសនៃជំងឺទឹកនោមផ្អែម “le Diabètes Atlas ២០០៩” បោះពុះផ្សាយដោយ សហព័ន្ធជំងឺទឹកនោមផ្អែមអន្ដរជាតិបែលហ្ស៊ិក “Belgium-based International Diabetes Federation.” ចំពោះប្រជាជនកម្ពុជាពេញវ័យ (ពី២០ ទៅ ៧៩ឆ្នាំ) សរុប៨ ៧១៤១១០នាក់ មានអ្នកកើតជំងឺទឹកនោមផ្អែម ២២១ ៤៣០នាក់ដែលកើតជំងឺនេះ ស្មើនឹង២,៥៤ភាគរយ មានន័យថាក្នុងចំណោមមនុស្ស ១០០នាក់ (ចន្លោះពី ២០ទៅ ៧៩ឆ្នាំ)មាន២នាក់កន្លះទៅហើយដែលកើតជំងឺនេះ។

ជំងឺទឹកនោមផ្អែមគឺជាអ្វី?

ជំងឺទឹកនោមផ្អែមគឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងដោយសារកង្វះ “insuline” ទាំងស្រុង ឬ មិនទាំងស្រុង អាចដោយសារលំពែងមិនអាចផលិតអាំងស៊ុយលីន “insuline” គ្រប់គ្រាន់ ឬ សរីរាង្គមិនអាចចាប់យក និងប្រើអាំងស៊ុយលីនបានគ្រប់គ្រាន់។ អាំងស៊ុយលីនគឺអរម៉ូនដែលធ្វើនិយ័តកម្មកំហាប់ជាតិស្ករនៅក្នុងឈាម។ មានន័យថាអាំងស៊ុយលីនគឺជាអរម៉ូន (សារធាតុសកម្ម) ដែលធ្វើអោយមានស្ថិរភាពនិងប្រតិបត្តិការត្រឹមត្រូវនៃកំហាប់ជាតិស្ករក្នុងឈាម (អរម៉ូនបញ្ចុះជាតិស្ករក្នុងឈាម ដោយការដឹកនាំជាតិស្ករក្នុងឈាមចូលក្នុងកោសិកាដើម្បីប្រើប្រាស់)។ អ៊ីពែរគ្លីសេមី “Hyperglycémie” ឬការកើនឡើងខ្ពស់កម្រិតជាតិស្ករក្នុងឈាម។
ផលប៉ះពាល់វារ៉ាំរ៉ៃនៃ “Hyperglycémie” ក្នុងជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាលត្រឹមត្រូវរយះពេលយូរអង្វែង ធ្វើអោយប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសរីរាង្គជាច្រើន ដូចជា : តំរងនោម បេះដូង ភ្នែក ប្រព័ន្ធភាពស៊ាំ ជាពិសេសប៉ះពាល់ដល់សរសៃប្រសាទនិងសរសៃឈាមជាដើម។

ប្រភេទនៃជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែមចែកជាពីរប្រភេទធំៗគឺ៖
ជំងឺទឹកនោមផ្អែមប្រភេទទី១ :
គេស្គាល់ថាជាជំងឺទឹកនោមផ្អែមអាំងសុយលីណូ-ដេប៉ង់ដង់ឬដេអីដេ “Insulino-dépendant ou DID”បានន័យថាលំពែងមិនអាចផលិត “Insuline” បានទាំងស្រុង រឺ “Insuline” ត្រូវបានបំផ្លាញ។ ជាទូទៅជំងឺនេះកើតចំពោះមនុស្សវ័យក្មេងមាន : កុមារ មនុស្សជំទង់ឬមនុស្សទើបពេញវ័យ។ រោគសញ្ញា៖
ការស្រែកទឹកខ្លាំង គ្មានទឹកនោម ស្រកទម្ងន់លឿន។ វាជាលទ្ធផលនៃកង្វះ “Insuline” ធ្ងន់ធ្ងរដែលបណ្តាលមកពីការបាត់បង់កោសិកាបេតា “Bêta” របស់លំពែង រឺ “Insuline” ដែលផលិតរួចត្រូវបានបំផ្លាញ។
សរីរាង្គលែងស្គាល់កោសិកាបេតា “Bêta” និងផលិតផល់របស់វា ហើយថែមទាំងបំផ្លាញវាចោលទៀត (កោសិកាបេតាត្រូវបានបំផ្លាញដោយអង់ទីករ “Anticorps” និងដោយកោសិកាការពារជាច្រើនទៀត “des cellules de l'immunité” និងពពួកលីមផូស៊ីត “les lymphocytes” ដែលជាក្រុមកោសិការនៃប្រព័ន្ធភាពស៊ាំ។ យើងអាចនិយាយបានថាជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺអូតូអីមមីន “Auto-immune”។ ជាតិគ្លុយកូសឬជាតិស្ករមិនអាចចូលទៅក្នុងកោសិការដើម្បីប្រើប្រាស់ ដូច្នេះហើយទើបបរិមាណជាតិស្ករក្នុងឈាមមានការកើនឡើង។

ជំងឺទឹកនោមផ្អែមប្រភេទទី២ :

ជំងឺទឹកនោមផ្អែមប្រភេទទី២កើតឡើងជាទូទៅចំពោះមនុស្សដែលមានអាយុលើសពី៤០ឆ្នាំឡើងទៅ។ វាអាចមានភាពមិនប្រក្រតីពីរ៖
1- លំពែងផលិតអាំងសុយលីនមិនគ្រប់គ្រាន់
2- អាំងសុយលីនធ្វើការខុសប្រក្រតី រឺ មិនអាចប្រើការបាន ប្រការទាំងពីរនេះធ្វើអោយ
គ្លុយកូសឬជាតិស្ករមិនអាចចូលក្នុងកោសិកាបាន ដូច្នេះកំរិតជាតិស្ករក្នុងឈាមត្រូវបានកើនឡើងខ្ពស់។

រោគសញ្ញា៖

ជាទូទៅពុំមានអាការៈអ្វីគួរអោយកត់សំគាល់ទេក្នុងដំណាក់កាលដំបូង ប៉ុន្តែរយៈពេលច្រើនឆ្នាំប្រសិនពុំមានការព្យាបាលត្រឹមត្រូវ ការវិវត្តន៍នៃជំងឺក្នុងសភាពរ៉ាំរ៉ៃរួមមាន : ការស្រែកទឹកខ្លាំង ការនោមញឹកញាប់ជាពិសេសនៅពេលយប់ ស្រកទម្ងន់ ការឃ្លានកើនឡើង អស់កម្លាំងល្ហិតល្ហៃ ហើយមានអារម្មណ៍ស្ងួតមាត់ ងងុយគេងខ្លាំងពិសេសបន្ទាប់ពីទទួលទានអាហាររួច ស្រវាំងភ្នែក ការឆ្លងមេរោគបាក់តេរីឬផ្សិតញឹកញាប់ (ការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោម ទ្វារមាស...) ឈឺក្រហល់ក្រហាយបាតដៃបាតជើង ដំបៅជើងក្រជា ជំងឺបេះដូង ជំងឺសរសៃឈាម ។ល។ វាជាលទ្ធផលដែលបណ្តាលមកពីការថយចុះមុខងារ រឺ បាត់បង់កោសិកាបេតា “Bêta” របស់លំពែងដែលផលិត “Insuline”។

ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១និងទី២ :

ក្នុងតំណាក់កាលដំបូង ការព្យាបាលគឺផ្អែកលើវិធានការនៃការមានអនាម័យនិងការញ៉ាំអាហារអោយបានត្រឹមត្រូវ។ ការព្យាបាលមានប្រសិទ្ធិភាពល្អអាស្រ័យលើរបបអាហារដែលមានតុល្យភាពជាមួយនិងការធ្វើលំហាត់ប្រាណជាទៀងទាត់។
ដោយសាររាងកាយមិនផលិតអាំងស៊ុយលីន ឬបរិមាណផលិតតិច ឬមួយអាំងស៊ុយលីន ដែលផលិតរួចមិនអាចប្រើការបានដូចធម្មតា ដូច្នេះការព្យាបាលគឺតម្រូវដោយការលេបថ្នាំគ្រាប់ ឬការចាក់អាំងស៊ុយលីនដោយឆ្លងកាត់គ្រូពេទ្យជំនាញ។
ប្រភព
www.afd.asso.fr/diabete/chiffres-monde
Diabetes Atlas IDF 4e Edition 2009-
www.fides.org
Diabetes Atlas IDF 6e Edition 2013
បកប្រែនិងរៀបរាងអត្ថបទដោយ ឆេង វិបុល

No comments