ចិត្ត និងអារម្មណ៍ (សំដែងដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា)
ចិត្តជាធម្មជាតិគិត ជាធម្មជាតិដឹង ចំណែកអារម្មណ៍មិនសំដៅលើធម្មជាតិដឹងទេ បើនិយាយប្រៀបធៀប រវាងគោ និងស្មៅវិញ។ ចិត្តដូចជាសត្វគោ ហើយអារម្មណ៍ដូចជាស្មៅ ជាចំណីរបស់ចិត្ត (ចិត្ត)។ ចិត្តដែលកើតនឹងភ្នែកឃើញរូបហៅថាចក្ខុវិញ្ញាណ ជាចិត្តឃើញ ឯរូបដែលយើងមើលឃើញ វណ្ណៈ (ពណ៌)នៃរូប វាជាអារម្មណ៍ ហៅថារូបារម្មណ៍ គេមិនហៅថាចិត្តារម្មណ៍ទេ។ មានន័យថារូបជាអារម្មណ៍របស់ចក្ខុវិញ្ញាណ។ រវាងវណ្ណរូប(អារម្មណ៍) និងចិត្ត តើមួយណាជាអ្នកដឹងមួយណា? វណ្ណរូបមិនដឹងអីទេ ចិត្តទេ តើដែលជាអ្នកដឹងនូវវណ្ណរូប(អារម្មណ៍)នោះ ?
ក្លិនដែលសាយភាយមកដល់ច្រមុះ ក៏ធុំក្លិនហើយ មិនមែនអារម្មណ៍ជាអ្នកធុំក្លិនទេ
តែចិត្តគឺឃានវិញ្ញាណ (ឃានប្រសាទ)ជាអ្នកធុំក្លិន អារម្មណ៍និងអត់មានដឹងអីទេ វាគ្រាន់តែជារូប
ជាចំណីដែលគប្បីដឹងដោយចិត្ត។ គន្ធ ជាគន្ធារម្មណ៍ វាជាគ្រឿងតោង គ្រឿងថ្ពក់ ឬក៏ជាចំណីរបស់ចិត្តតែប៉ុណ្ណោះ។
ឧទាហរណ៍៖ ព្រះរាជាដូចជាចិត្តចឹង ដែលយាងទៅក្រសាលសួន។ សួន ទិដ្ឋភាពទាំងអស់នោះដូចជាអារម្មណ៍។ ចិត្តជាធម្មជាតិដឹង អារម្មណ៍ជាធម្មជាតិសម្រាប់ចិត្តដឹង។ អារម្មណ៍មាន៦៖
រូបារម្មណ៍ អារម្មណ៍ត្រូវឃើញតាមទ្វារភ្នែក សទារម្មណ៍ អារម្មណ៍ត្រូវឮតាមទ្វារត្រចៀក
គន្ធារម្មណ៍ អារម្មណ៍ត្រូវដឹងក្លិនតាមទ្វារច្រមុះ រសារម្មណ៍ អារម្មណ៍ត្រូវដឹងតាមជីវ្ហា
គឺអណ្ដាត និងផោដ្ឋព្វារម្មណ៍ គឺទូទាំងសារពាង្គកាយ ដែលដឹងក្ដៅ ត្រជាក់ ភាពក្ដៅត្រជាក់
នោះហើយជាអារម្មណ៍។ រីឯចិត្តដឹងក្ដៅ នោះជាចិត្ត។ ធម្មារម្មណ៍ អ្វីដទៃក្រៅពីនោះ តែចិត្តគិតបាន
ឧទាហរណ៍ថា៖ យើងគិតរឿងម្សិលមិញ រឿងរ៉ាវនោះ ឯងជាអារម្មណ៍ ហៅថាធម្មារម្មណ៍។ យើងគិតថា ១០ថ្ងៃទៀត
ទៅទីនេះ ទីនោះ រឿងដែលយើងកំពុងស្រមៃទាំងអស់នោះឯងជាធម្មារម្មណ៍។ អ្នកនេះ អ្នកនោះ ដែលយើងចងចាំនៅក្នុងចិត្ត
នឹកឃើញមុខ អ្នកនេះ អ្នកនោះ សភាពដែលកំពុងប្រាកដតាមផ្លូវចិត្ត យើងនឹងឯងជាធម្មរម្មណ៍។
រីឯចិត្តកំពុងគិតនោះ ជាចិត្ត របស់ទាំងអស់នោះជាអារម្មណ៍។ អារម្មណ៍ជាធម្មតាមិនចេះកំរើកអីទេ
ចិត្តតែប៉ុណ្ណោះដែលកំរើក។ លោកនេះជាលោកនៃវិថីចិត្ត មិនមែនលោកនៃអារម្មណ៍ទេ។ ដូចនេះទើបមានឈ្មោះថាវិថីចិត្ត
មិនមែនវិថីអារម្មណ៍ទេ។
ភ្នំពេញ ថ្ងៃសុក្រ ៥កើត ខែកក្ដិក ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ថ្ងៃទី
០៤ ខែវិច្ឆិកា ឆ្នាំ២០១៦
បញ្ចេញ វាចារណ៏
No comments