ad

ad

ព្រឹត្តិការណ៏ថ្មី


ពលរដ្ឋដែលមានគុណភាព



ពលរដ្ឋដែលមានគុណភាព

ជាទូទៅដើម្បីឲ្យប្រទេសមួយអាចមានការរីកចម្រើនទៅបានគេត្រូវការពលរដ្ឋដែលមានគុណភាពជាមុនសិន។ ពលរដ្ឋដែលមានគុណភាពនឹងរើសបានមេដឹកនាំដែលមានគុណភាពហើយបំរើផលប្រយោជន៍ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
គុណភាពនៃប្រជាធិបតេយ្យពិតណាស់វាបានកើតចេញពីគុណភាពនៃការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋដោយខានមិនបាន។ មេដឹកនាំដែលមានគុណភាពជាមេដឹកនាំដែលកើតចេញពីពលរដ្ឋដែលមានចំណេះដឹងមានសមត្ថភាព និងមានគុណធម៌ ចរិយាធម៌ ។ប៉ុន្តែសំណួរសួរថា៖ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋបែបណា?ដើម្បីឲ្យការដឹកនាំរដ្ឋមានប្រសិទ្ធិភាពតើគេត្រូវការការចូលរួមអ្វីខ្លះពីប្រជាពលរដ្ឋ?ជាការពិតណាស់ពលរដ្ឋមានគុណភាពសំដៅលើពលរដ្ឋដែលមានការយល់ដឹងទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ក្នុងនោះដែរការយល់ដឹងតែម្យ៉ាងក៏មិនអាចធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនដែរគេត្រូវការឲ្យមានការចូលរួមយ៉ាងទូលំទូលាយពីពលរដ្ឋបន្ថែមទៀតទើបដំណើរការនៃការអភិវឌ្ឍប្រទេសមានភាពរលូន ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធិភាពគួរជាទីទុកចិត្ត។ ពលរដ្ឋដែលមានគុណភាពមិនត្រឹមតែអាចជួយឲ្យប្រទេសជាតិមួយមានការរីកចម្រើនរុងរឿងនោះទេ ថែមទាំងជួយឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅទូទាំងពិភាពលោកទៀតផង(ករណីប្រជាពលរដ្ឋអាមេរិចបានធ្វើឲ្យពលរដ្ឋក្នុងលោកជាច្រើនយកជាគំរូតាម ជាពិសេសគឺការអនុវត្តលទ្ធិប្រជាធិបតេយ្យ)។
ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋដែលមានការយល់ដឹងស៊ីជម្រៅអំពីរឿងបញ្ហាស្រុកទេសបញ្ហាសង្គមទូទៅ បញ្ហាសេដ្ឋកិច្ច និងវប្បធម៌ប្រពៃណីបានយ៉ាងល្អ។
ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋដែលចេះធ្វើការជាមួយអ្នកដ៏ទៃក្នុងគោលដៅជួយអភិវឌ្ឍសង្គមជាតិទាំងមូលដោយមិនសម្ងំសុខ យករួចខ្លួននៅពេលប្រទេសជាតិកំពុងត្រូវការ។ ពលរដ្ឋដែលល្អនិងមានគុណភាពជាពលរដ្ឋដែលមានសីលធម៌ខ្ពស់ទាំងការរស់នៅការប្រកបរបររកស៊ី និងការមិនយកប្រៀប ឬជិះជាន់អ្នកដ៏ទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ពលរដ្ឋដែលមានគុណភាពត្រូវអនុវត្តតាមគោលការណ៍នៃការយល់ដឹងនិងការចូលរួមក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ពួកគេត្រូវតែជាមនុស្សដែលមានការយល់ដឹងនិងចូលរួមតាមដានក្នុងរឿងសំខាន់ៗរបស់ប្រទេសជាតិ ក៏ដូចជារឿងរ៉ាវនៃការវិវឌ្ឍន៍ទៅរបស់ពិភពលោកដើម្បីធ្វើការប្រៀបធៀបជាមួយការរស់នៅនិងការដឹកនាំរបស់អ្នកតំណាងដែលគេរើសមកឲ្យបម្រើផលប្រយោជន៍របស់ពួកគេ។ ដូច្នេះ ពលរដ្ឋដែលមានគុណភាពត្រូវចូលរួមយ៉ាងសកម្មក្នុងវិស័យមួយចំនួនដូចខាងក្រោម៖
  • ក្នុងវិស័យនយោបាយ៖
១.ពលរដ្ឋដែលមានគុណភាពត្រូវធ្វើការតាមដានឲ្យបានសព្វជ្រុងជ្រោយនូវព័ត៌មានទាំងឡាយណាដែលទាក់ទងនឹងមេដឹកនាំ ការសម្រេចចិត្តរបស់មេដឹកនាំ និងបញ្ហាស្រុកទេសទូទៅ។
២.ពលរដ្ឋមានគុណភាពត្រូវបំពេញកតព្វកិច្ចរបស់ខ្លួនក្នុងការជ្រើសតាំងអ្នកតំណាងរបស់ខ្លួនយ៉ាងទៀងទាត់ និងប្រកបដោយការយល់ដឹងពីការបោះឆ្នោត។
៣.ពលរដ្ឋដែលមានគុណភាពជាពលរដ្ឋដែលចូលរួមក្នុងរឿងនយោបាយដោយផ្ទាល់និងដោយប្រយោល ដូចជាចូលរួមធ្វើនយោបាយ និងការឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ជាដើម។ល។
៤.ពលរដ្ឋដែលមានគុណភាពត្រូវពិនិត្យតាមដានគ្រប់សកម្មភាពនិងការអនុវត្តគោលនយោបាយរបស់ថ្នាក់ដឹកនាំខ្លួនថាត្រឹមត្រូវយុត្តិធម៌ និងមានការរីកចម្រើនដែរឬទេ?
៥.ពលរដ្ឋដែលមានគុណភាពក្នុងរឿងនយោបាយជាពលរដ្ឋដែលមានចិត្តមិនលំអៀងមិនងប់ងល់ផ្កាប់មុខនឹងមនោគមវិជ្ជាជ្រុលនិយមណាមួយរបស់បក្សនយោបាយនិងមានវិចារណញ្ញាណខ្ពស់ក្នុងការសម្រេចចិត្តធ្វើនយោបាយដើម្បីចៀសវាងការក្លាយជាឧបករណ៍របស់អ្នកនយោបាយដែលមានចេតនាទុច្ចរិត។
  • ក្នុងផ្នែកសេដ្ឋកិច្ច
១.ត្រូវប្រកបរបររកស៊ីដោយសុច្ចរិតត្រឹមត្រូវមិនទុច្ចរិតលក់ជាតិនិងបំផ្លាញផលប្រយោជន៍រួមរបស់ជាតិ និងមិនរំលោភបំពានអ្នកដ៏ទៃ។
២.ជាពលរដ្ឋដែលឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសនិងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងរឿងធុរកិច្ចនានា។
៣.ជាពលរដ្ឋដែលមានការសន្សំសំចៃខ្ពស់មិនខ្ជះខ្ជាមិនភ្លើតភ្លើននិងបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សបរិភោគនិយមរហូតភ្លេចសតិ។
៤.ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះធុរកិច្ចរបស់ខ្លួនដោយត្រូវបង់ពន្ធជាទៀតទាត់ជូនរដ្ឋ មិនគេចពន្ធ និងធ្វើរឿងមិនស្របច្បាប់គ្រប់ប្រភេទទាំងអស់។
  • ក្នុងផ្នែកសង្គម វប្បធម៌ ប្រពៃណី
១. ជាពលរដ្ឋដែលសាមគ្គីគ្នាយ៉ាងល្អដើម្បីឲ្យអាចរួមរស់ជាមួយគ្នាក្នុងសង្គមយ៉ាងមានសន្តិភាព សន្តិសុខ និងសុភមង្គល។
២.រក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ប្រទេសជាតិដែលដូនតាបានបន្សល់ទុកឲ្យនិងផ្សព្វផ្សាយប្រពៃណី និងវប្បធម៌ខ្លួនឲ្យជនបរទេសបានដឹងនិងទទួលស្គាល់ពីភាពអច្ឆរិយៈនៃវប្បធម៌ខ្លួន(ករណីជប៉ុនកូរ៉េ ថែ ចិន ឥណ្ឌា គេធ្វើបានល្អក្នុងការពង្រីក និងផ្សព្វផ្សាយវប្បធម៌របស់គេនៅទូទាំងពិភពលោក)។
៣.ជាពលរដ្ឋដែលចេះចែកគ្នារស់ចែកគ្នាស៊ីមិនដណ្ដើមគ្នារស់ដណ្ដើមគ្នាស៊ីដណ្ដើមគ្នាធំដណ្ដើមគ្នាមានបាន។
៤.ត្រូវយល់ដឹងពីតួនាទីនិងកតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋម្នាក់ក្នុងសង្គមដោយជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ការគោរពច្បាប់និងសណ្ដាប់ធ្នាប់សាធារណៈផ្សេងៗ(ជាពិសេសច្បាប់ចរាចរណ៍និងអនាម័យនៅតាមទីសាធារណៈ ជាដើម។)
៥.ជាពលរដ្ឋដែលមានការខិតខំរៀនសូត្រឲ្យមានចំណេះដឹងខ្ពស់មានសីលធម៌គុណធម៌និងចេះជួយយកអាសារអ្នកដ៏ទៃ និងជនរួមឈាមរបស់ខ្លួនបានយ៉ាងល្អ និងកក់ក្ដៅ។
បើតាមគំនិត និងអនុសាសន៍របស់លោកបណ្ឌិត កែម ឡី ទាក់ទងនឹងពលរដ្ឋដែលមានគុណភាពនេះ លោកបានផ្ដល់ជាយោបល់ថា៖ “ការដែលពលរដ្ឋអាចក្លាយជាពលរដ្ឋដែលមានគុណភាពបានវាក៏អាស្រ័យមេដឹកនាំនៃប្រទេសនោះចេះរៀបចំ បណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាពរបស់ពលរដ្ឋដែរទើបធ្វើឲ្យពលរដ្ឋមានគុណភាពទៅបាន។”
ដូច្នេះមេដឹកនាំមានតួនាទីចំពោះពលរដ្ឋដូចជា៖
១.ផ្តល់ការគិតដល់ពលរដ្ឋបែបស៊ីជម្រៅនោះពលរដ្ឋមិនចាំចាប់ចេះស្ទូចត្រីក៏មានត្រីហូបដែរហើយព្យាយាម និយាយការពិត កុំនិយាយការពារ។
២.ផ្ដល់ភាពងាយស្រួលនិងឱកាសដល់ពលរដ្ឋឲ្យទទួលព័ត៌មានដែលមានគុណភាពខ្ពស់ចេញពីសាលា គ្រួសារ សហគមន៍ សង្គម និងពីស្ថាប័នពាក់ព័ន្ធនានា។ ព័ត៌មានដែលមានគុណភាពគឺចេញពីការសិក្សាស្រាវជ្រាវជាក់លាក់ប្រព័ន្ធព័ត៌មានអាជីពការពិភាក្សា និង វិភាគវែកញែកច្បាស់លាស់។
៣.ពន្យល់ការពិតប្រសើរជាងពន្យល់កាពារពលរដ្ឋថ្មីជាពលរដ្ឋដែលមានព័ត៌មានតាមដានព័ត៌មាន ចូលរួមវិភាគព័ត៌មានពិភាក្សាវែកញែកនិងដឹងពីអ្វីដែលខុសអ្វីដែលត្រូវអ្វីដែលល្អនិងអ្វីដែលមិនសមស្រប។
ពលរដ្ឋត្រូវធ្វើការផ្លាស់ប្តូរអាកប្បកិរិយាឥរិយាបថនិងការអនុវត្តវិជ្ជមានឆ្ពោះទៅរកការធ្វើសេចក្តីសម្រេចចិត្តត្រឹមត្រូវ។ ពាក្យសម្តីនិងការអនុវត្តមានភាពស៊ីចង្វាក់គ្នាភាគច្រើននិងមិនបែកបាក់គ្នាដោយព្រោះតែរឿងនិន្នាការនយោបាយខុសគ្នាជាដើម។
ជាចុងក្រោយពលរដ្ឋដែលមានគុណភាពមិនត្រឹមតែមានចំណេះដឹងបទពិសោធន៍និងសម្រេចចិត្តត្រឹមត្រូវប៉ុណ្ណោះទេប៉ុន្តែថែមទាំងចូលរួមពេញលេញក្នុងសកម្មភាពសង្គម និងសម្រេចចិត្តជ្រើសរើសមេដឹកនាំដែលមានលក្ខណៈប្រជាធិបតេយ្យបើកចំហនិងមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួនឯងពិតប្រាកដ។
មេដឹកនាំដែលមានការទទួលខុសត្រូវជាមេដឹកនាំដែលមិនចេះបន្ទោសអ្នកក្រោមនិងមិននាំបញ្ហាទៅថ្នាក់លើ និងដល់ពលរដ្ឋ។
មេដឹកនាំដែលល្អជាមេដឹកនាំដែលចេះដោះស្រាយបញ្ហាជូនពលរដ្ឋប្រកបដោយយុទ្ធសាស្រ្តនិងភាពទន់ភ្លន់ មិនមែនមេដឹកនាំដែលចូលចិត្តបង្កើតបញ្ហាពង្រីកបញ្ហាតូចឲ្យទៅជាបញ្ងាធំរួចដោះស្រាយបញ្ហាយកគុណសម្បត្តិផ្ទាល់ខ្លួននោះទេ។
សរុបមកដើម្បីឲ្យប្រទេសខ្មែរមានការអភិវឌ្ឍទៅបានគេត្រូវអភិវឌ្ឍប្រជាពលរដ្ឋឲ្យមានការយល់ដឹងដ៏ត្រឹមត្រូវជាមុនសិនដោយរដ្ឋាភិបាលជាអ្នកដែលមានទំនួលខុសត្រូវខ្ពស់ជាងគេនៅក្នុងការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋក៏មានតួនាទីយ៉ាងសកម្មមិនចាញ់រដ្ឋាភិបាលដែរក្នុងការអភិវឌ្ឍផ្នត់គំនិតខ្លួនឯងឲ្យទាន់សម័យ មានការរីកចម្រើនប្រកបដោយការចូលរួមនិងមានភាពវិជ្ជមាន។ប្រធានាធិបតីទី៣៥របស់អាមេរិចលោក John F.Kennedy បានលើកឡើងថា"ប្រទេសជាតិមួយមិនអាចអភិវឌ្ឍន៍រីកចម្រើនទៅមុខរួចបានទេបើពលរដ្ឋក្នុងប្រទេសនោះមិនព្រមអភិវឌ្ឍន៍ខ្លួនឯងជាមុនសិន"។ ចំណែកលោកលីខ្វាន់យូបិតាស្ថាបនិកនិងជាអតីតនាយករដ្ឋមន្ត្រីសិង្គពួរបានលើកឡើងថា"ចង់ដឹងថាប្រទេសណាមួយរីកចម្រើនឬស៊ីវីល័យឬមិនស៊ីវីល័យគេមើលតែលើ២ចំណុចទេ"ចំណុចទាំងនោះមានដូចជា៖
ចំណុចទី១.តើពលរដ្ឋនៃប្រទេសនោះចេះជម្រាបសួរស្វាគមន៍គ្នាបានសមរម្យហើយឬនៅ? ចំណុចទី២.តើពលរដ្ឋនៃប្រទេសនោះចេះចោលសម្រាមក្នុងធុងសម្រាមហើយឬនៅ? (របៀបចោលសម្រាម)
សម្រាប់បរិបទស្រុកខ្មែរវិញ សូមបងប្អូនកុំមើលបំណាំគ្នា កុំចាំតែចាប់កំហុសរដ្ឋាភិបាលឬអ្នកដ៏ទៃឡើយ !
យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ !
រឿងបញ្ហាប្រទេសជាតិវាជាទំនួលខុសត្រូវរបស់យើងគ្រៗប់គ្នា រឿងចោលសម្រាមក្ដី រឿងអំពើពុករលួយក្ដីគឺវាផ្ដើមចេញពីខ្លួនយើងទៅមុន!
លោក John F.Kennedy បានផ្ដាំថា"សូមកុំសួរថាប្រទេសជាតិផ្ដល់អ្វីខ្លះដល់អ្នក ប៉ុន្តែសូមសួរខ្លួនឯងថាតើអ្នកបានផ្ដល់អ្វីខ្លះដល់ប្រទេសជាតិមាតុភូមិរបស់អ្នក?"​

អរគុណចំពោះការគាំទ្រ និងការរិះគន់ទាំងឡាយ!!!
ដោយៈ​ ហង្ស វិទូ
រក្សាសិទ្ធដោយ 4share-ចែកចាយ

បញ្ចេញ វាចារណ៏

No comments