ad

ad

ព្រឹត្តិការណ៏ថ្មី


សច្ចភាពនៃទ្រឹស្តីកម្មផលក្នុងការកែប្រែជោគវាសនាអ្នក


សច្ចភាពនៃទ្រឹស្តីកម្មផលក្នុងការកែប្រែជោគវាសនាអ្នក


ក្នុងការទទួលបានភាពជោគជ័យក្នុងជីវិត ឬដើម្បីទទួលបាននូវអ្វីដែលយើងប្រាថ្នាចង់បានក្នុងជីវិត យើងត្រូវតែស្វែងយល់និងដឹងពីសច្ចភាពនៃទ្រឹស្តីកម្មផល។ទ្រឹស្តីកម្មផលគឺទ្រឹស្តីមួយដែលស្របតាមច្បាប់ធម្មជាតិហើយទ្រឹស្តីនេះគឺជាមូលដ្ឋានគ្រិះនៃព្រះពុទ្ធសាសនាផងដែរ។ ទ្រឹស្តីកម្មផលគឺជាទ្រឹស្តីដែលទាក់ទងទៅនឹងហេតុផលនៃបាតុភូតធម្មជាតិនិងការកើតស្លាប់នៃសត្វលោក។ ជាសក្ខីភាពព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថាបុគ្គលសាបព្រោះនូវពូជណារមែងទទួលបានផលនូវពូជនោះ។ ទៀតសោតទ្រឹស្តីនៃព្រះពុទ្ធសាសនាបានអះអាងថាថាមពលនៃជីវិតចាស់គឺជាកម្មឬមូលហេតុដែលបង្កឲ្យកើតជាផលអ្វីមួយ។ ទ្រឹស្តីនេះក៏បានពន្យល់ទៀតថា ជីវិតចាស់ និងជីវិតថ្មីគឺជាប់ទាក់ទងនិងគ្នាយ៉ាងជិតស្និទ្ធ។ តើអ្វីដែលធ្វើឲ្យជីវិតចាស់និងជីវិតថ្មីខុសគ្នា?



ជីវិតចាស់និងជីវិតថ្មីមានលំនាំដូចគ្នានោះគឺនៅត្រង់ជីវិតថ្មីទទួលកម្មចាស់ដែលជីវិតចាស់បានសាងកន្លងមក។ ផ្ទុយទៅវិញ ជីវិតចាស់ និងជីវិតថ្មីមានលំនាំខុសគ្នានោះគឺនៅត្រង់ថាជីវិតថ្មីបានទទួលការអប់រំថ្មីៗ បានបញ្ចូលព័ត៌មានថ្មីៗបានធ្វើសកម្មភាពថ្មីៗជាដើម។សំណូរសួរថាហេតុអ្វីបានជាមនុស្សមួយចំនួនកើតមក អ្នកខ្លះមាន អ្នកខ្លះក្រីក្រតោកយ៉ាក អ្នកខ្លះមានរូបសម្បត្តិរូបសម្ផស្សល្អ អ្នកខ្លះអាក្រក់ អ្នកខ្លះមានបញ្ញា និងអ្នកខ្លះល្ងិតល្ងង់? ចម្លើយនោះគឺហេតុដែលពួកគេមានភាពខុសគ្នាគឺវាអាស្រ័យលើកម្មចាស់ដែលពួកគេបានសាងពីមុនមក។ តើពួកគេអាចកែប្រែជោគវាសនារបស់ពួកគេបានដែរឬទេ?ឧបមាថាបច្ចុប្បន្ននេះពួកគេខ្លះជាអ្នកក្រីក្រតោកយ៉ាកជាអ្នកល្ងិតល្ងង់ខ្វះបញ្ញាខ្វះចំណេះវិជ្ជាតើពួកគេអាចទទួលបានចំណេះវិជ្ជានិងទទួលបាននូវភាពមានបានដែរឬទេ? ពួកគេអាចកែប្រែជោគវាសនារបស់ខ្លួនពួកគេបានហើយពួកគេក៏អាចទទួលបាននូវភាពមានបានស្តុកស្តម្ភ និងទទួលបាននូវចំណេះវិជ្ជាដ៏ខ្ពងខ្ពស់បានផងដែរនោះគឺវាអាស្រ័យលើកម្មថ្មីដែលគេបានធ្វើនោះឯង។ កម្មថ្មីនោះគឺពួកគេត្រូវតែខិតខំរៀនសូត្រ ខិតខំអានសៀវភៅ បូជាទាំងកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមសិក្ខាសាលាស្តាប់ការតស៊ូរបស់បុគ្គលជោគជ័យជាដើមនោះអ្នកនឹងទទួលបានចំណេះដឹងចំណេះវិជ្ជាជាក់ជាមិនខាន។ ចំពោះខ្លះអ្នកក្រីក្រតោកយ៉ាកនាពេលបច្ចុប្បន្នពួកគេអាចក្លាយជាអ្នកមានស្តុកស្តម្ភក្លាយជាមហាសេដ្ឋីនាពេលអនាគតបាន វាអាស្រ័យលើកម្មថ្មីដោយពួកគេខិតខំព្យាយាមខ្នះខ្នែងយ៉ាងដុតដៃដុតជើងក្នុងការធ្វើការងារឬក៏ប្រកបអាជីវកម្មផ្សេងៗ។

មនុស្សជាអ្នកធ្វើអំពើអ្វីមួយដោយខ្លួនឯងហើយក៏ត្រូវទទួលរងអំពើនោះដោយខ្លួនឯងដែរស្របតាមច្បាប់នៃកម្ម ហើយអំពើទាំងនោះនឹងហុចផលនៅពេលណាមួយជាក់ជាមិនខាន គ្រាន់តែក្នុងពេលណាមួយយូរ ឬឆាប់ប៉ុណ្ណោះ។កម្មខ្លះហុចផលឲ្យនាពេលបច្ចុប្បន្នឯកម្មខ្លះទៀតនឹងហុចផលឲ្យនាពេលអនាគត។ ឧទាហរណ៍ កម្មដែលហុចផងនាពេលបច្ចុប្បន្នភាពនោះគឺ​ បន្ទាប់ពីអ្នកអាស្រ័យបាយហើយនោះអ្នកនឹងឆ្អែត។ ដោយឡែកកម្មដែលនឹងហុចផលឲ្យនាពេលអនាគតនោះគឺ ថ្ងៃនេះអ្នកបានដាំដើមស្វាយមួយដើម អ្នកនឹងទទួលបានផលផ្លែស្វាយនោះនាថ្ងៃខាងមុខជាក់ជាមិនខានវាត្រូវការពេលកំណត់សមស្របណាមួយទើបដើមស្វាយចេញផ្កាផ្លែ។

តើកម្មផលក្នុងព្រះពុទ្ធសាសនា មានន័យ និងលក្ខណៈដូចម្តេច? កម្មរាប់បញ្ចូលទាំងកុសលកម្ម អកុសលកម្មនិងអព្យាក្រឹតកម្ម។កុសលកម្មគឺជាទង្វើល្អឬទង្វើដែលនាំឲ្យមកនូវភាពរីកចម្រើនថ្កុំថ្កើងនាំមកនូវប្រយោជន៍។ទង្វើល្អសំដៅយក អំពើល្អប្រកបដោយ កាយកម្ម វចីកម្ម និងមនោកម្ម។ អកុសលកម្ម គឺជាទង្វើអាក្រក់ ឬទង្វើនាំមកនូវទោស។ ចំនែកឯ អព្យាក្រឹតកម្ម គឺអំពើជាអព្យាក្រឹត ឬឧបេក្ខា។

ទ្រឹស្តីកម្មផលនេះដែរគឺទាក់ទងនិងអំពើអ្វីមួយដែលយើងបានសម្រេចចិត្តធ្វើនាពេលបច្ចុប្បន្ននេះ។ ដោយហេតុផលថាផលឬលទ្ធផលអ្វីៗដែលយើងទទួលបានថ្ងៃនេះវាបានមកពីអ្វីដែលយើងបានធ្វើពីអតីតកាល។ នៅពេលដែលយើងសម្រេចចិត្តធ្វើអំពើជាកុសលរួមមាន កាយសុចរិត មនោសុចរិត វចីសុចរិត និងសកម្មភាពដែលនាំមកនូវសុភមង្គលនិងភាពជោគជ័យដល់ខ្លួនយើងនិងអ្នកដទៃនោះផលដែលយើងនឹងទទួលបានគឺអំពើជាកុសល សុភមង្គលនិងភាពជោគជ័យ។ដូច្នោះបើអ្នកចង់ជោគជ័យក្នុងជីវិតអ្នកត្រូវតែព្យាយាមឆ្លាក់ឆ្នៃខ្លួនអ្នកឲ្យមានតម្លៃអ្នកត្រូវតែរៀនដាំដុះ រៀនសាបព្រោះនូវពូជល្អៗពូជជាកុសលកម្មនិងពូជជាសុភមង្គលនោះអ្នកនឹងទទួលផ្កាផ្លែជាភាពជោគជ័យ និងសុភមង្គលក្នុងជីវិត។





អរគុណចំពោះការគាំទ្រ និងការរិះគន់ទាំងឡាយ!!!



ដោយៈ ស៊ិង សុង 

​                                                       



​                                                       រក្សាសិទ្ធគ្រប់យ៉ាងដោយ4share-ចែកចាយ
 

បញ្ចេញ វាចារណ៏

No comments