ដំណើរទៅកាន់កោះរុងសន្លឹម២ (ចប់)
ដំណើរទៅកាន់កោះរុងសន្លឹម២ (ចប់)
ខ្យល់បករហៀកៗ សូរសម្លេងទឹកនាចនិងទឹកជោ បានប្រគុំសូរស័ព្ទយ៉ាងពិរោះដល់ជនទាំងឡាយដែលកំពុង
លង់លក់ ដាស់ឲ្យភា្ញក់ ឡើងគយគន់ទេសភាពនាពេលព្រឹកព្រលឹម។
ខ្យល់បរិសុទ្ធ អមដោយ ទឹកសន្សើម ធ្វើឲ្យខ្ញុំមានអារម្មណ៏ថារងារ
មែនទែន។ មិនយូរប៉ុន្មានព្រះអាទិត្យ ក៏បង្ហាញរូបរាងក្រហម ព្រាងៗ ជាំជះដល់កោះទាំងមូលតែម្តង។
កាហ្វេមួយកែវ នៅពេលព្រឹកដាស់អារម្មណ៏ខ្ញុំឲ្យស្វាងចែស៎...
បន្តិចក្រោយមកយើងក៏ចេញទៅក្រៅ ដើរឡើងមើលទេសភាពលើកភ្នំ។ ពិតជាគួរឲ្យស្រស់ស្អាតមែនទែន
ទឹកសមុទ្របោកបក់ថ្មដា ដែលនៅខាងក្រោមនោះ។
ដល់ពេលរសៀល យើងក៏បានជួលទូកដើម្បី មើលផ្កាសមុទ្រ
ស្ទួចត្រី និងគយគន់ព្រះអាទិត្យលិច។
គ្នា៧ នាក់លើទូកមួយ ជិះសំដៅទៅកោះនៅជិតនោះ បន្ទាប់មកខ្ញុំក៏ពាក់វ៉ែនតាការពារ
ហើយមុជក្នុងទឹកមើលទេសភាព។ ពិតជាប្លែកភ្នែកមែនៗ ភាវៈក្នុងទឹកពិតជាស្រស់ស្អាតមែន។ ជាមួយពោង(អាវការពារ)
ខ្ញុំហែលមើលទេសភាពឥតមានស្រាក់ស្រាន្ត។ ចរន្តទឹកក្តៅ និងចរន្តទឹកត្រជាក់ ធ្វើឲ្យសារពាង្គកាយខ្ញុំម្តង
ក្តៅ ម្តងត្រជាក់....ស្រៀវៗមែនទែន។
ប្រហែលម៉ោង ៣ យើងក៏ចាកចេញពីទីនោះហើយទៅស្ទួចត្រីម្តង។
អារម្មណ៏អ្នកដែលមិនដែលស្ទួចត្រីក្នុងសមុទ្រពិតជាមិនដឹង...ភ្នែកសម្លឹងជុំវិញខ្លូនស្ងាត់ឈឹង
រលកបក់បន្តិចម្តងៗមើលទៅគួរឲ្យខា្លច។ រលកបក់ទូកបន្តិចម្តងៗ ធ្វើឲ្យទូករសាត់អណ្តែត ជាពិសេសធ្វើឲ្យខ្ញុំ
ពុលរលកហើយដេកតែម្តងទៅ។ ព្រះអាទិត្យក្រហមឆ្អៅក៏លែងបានមើលទៀតដែរ ដោយអំណាចនៃការពុលខ្លាំងពេក។
ទូកក៏បោះពួយទៅរកចំណតទិញ ក្រោមេឃចាប់ផ្តើម ងងឹត។
ហើយអាហារពេលល្ងាចហ្នឹងគឺត្រីដែលយើង ខំស្ទូចទាំងពុលនោះឯង...។
ព្រឹកបន្ទាប់យើងក៏ចាកចេញពីកោះនោះ តាមរយៈកាប៉ាល់ល្បឿនលឿន។
មួយម៉ោងក្រោយមកយើងក៏មកដល់ឆ្នេរ អូរឈើទាល។
No comments