ចេតសិកមូលចិត្តចំពោះស្នេហា
ចេតសិកមូលចិត្តចំពោះស្នេហា
តើអ្វីជាចេតសិកមូលចិត្តចំពោះស្នេហា?
បើតាមវចនានុក្រម សម្តេចសង្ឃរាជជួនណាត បានឲ្យនិយមន័យ ចេតសិកថា
សភាវៈដែលប្រកបផ្សំនឹងចិត្ត
កើតរលត់ព្រមជាមួយនឹងចិត្ត។
ហើយពាក្យថា ចិត្ត គឺជា ធម្មជាតិសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត
គឺវិញ្ញាណ។
ដោយឡែកពាក្យថា ស្នេហា គឺសំដៅលើ សេចក្តីស្រឡាញ់ស្និទ្ធ, សេចក្តីស្រឡាញ់ជាប់ចិត្ត ស្អិតដូចជ័រ។
តើស្នេហាកើតឡើងដោយសារអ្វី?
ស្នេហាឬសេចក្តីស្រឡាញ់ជាប់ចិត្តដូចជ័រគឺកើតឡើងតាមរយៈតម្រូវការផ្នែកអារម្មណ៍របស់មនុស្សគ្រប់រូប
ឬសត្វលោកហើយសេចក្តីស្រឡាញ់នេះបានស្ថិតនៅជាប់និងចិត្តមនុស្សគ្រប់រូបតាំងតែពីកើតមកភ្លាមមកម្លិះ។
ដូច្នោះហើយបានជាមនុស្សតែងតែជាប់ចិត្តប្រតិព័ទ្ធទៅលើរបស់អ្វីមួយឬក៏វត្ថុអ្វីមួយដែលនៅជុំវិញខ្លួនដោយចៀសមិនរួច។
ទៀតសោតដោយសារតែតែសេចក្តីស្រឡាញ់ដូចជ័រនេះហើយទើបធ្វើឲ្យមនុស្សមានកិលេសគឺសេចក្តីសៅហ្មងចិត្តនោះឯង។
ពាក្យចាស់បានពោលថាទីណាមានសេ្នហាទីនោះមានការឈឺចាប់។
តើពិតដូចពំនោលដែលបានពោលមែនឬទេ? បើតាមសង្កេតរបស់ខ្ញុំ ខ្ញុំសង្កេតឃើញថា
ទីណាមានស្នេហាទីនោះពោរពេញទៅដោយស្ករត្នោតអីញ្ជឹងពីព្រោះអីសកម្មភាពពួកគេផ្អែមៗហាក់ដូចជាជាប់គ្នាដូចជ័រ
ថែមទាំងពួកគេផ្តោះផ្តងវាចារទឹកឃ្មុំដាក់គ្នាបើបងក្បត់អូនឲ្យសូន្យដូចខ្យល់ បើអូនមានកលឲ្យខ្វល់ដូចផ្សែង។ តែទាំងនេះ វាគ្រាន់តែជាជ្រុងមួយប៉ុណ្ណោះ
ពីព្រោះនៅពីក្រោយភាពផ្អែមនេះ វាមានរឿងសៅហ្មងជាច្រើន។
កម្លាំងនៃសេចក្តីស្នេហានេះមានកម្លាំងខ្លាំងណាស់ដែលមិនអាចកាតថ្លៃបានទើបបានជាមនុស្សមួយចំនួនហ៊ានលះបង់ជីវិតចំពោះមនុស្សដែលខ្លួនស្រឡាញ់ទៀតផង។ ទៀតសោតស្នេហានេះគឺជាថ្នាំពុលឬក៏ជាជំងឺមហារីកដ៏ពិបាកព្យាបាលហើយវាបានធ្វើឲ្យមនុស្សល្អប្រែជាមនុស្សអាក្រក់
មនុស្សស្លូតទៅជាមនុស្សកាចមនុស្សជាទៅជាមនុស្សឆ្កួតទៀតផង។ដោយសារតែពួកគាត់មួយចំនួនធំមិនយល់អ្វីទៅជាស្នេហាពិត។
ដោយឡែកចេតសិកមូលចិត្តស្នេហាគឺសេចក្តីស្រឡាញ់នៃអារម្មណ៍របស់ចិត្តនៃបុគ្គលណាម្នាក់ទៅលើបុរសឬនារីណាមួយហើយវាតែងតែបាត់ទៅវិញជាធម្មតា
ពីព្រោះវាជាបាតុភូតនៃចិត្តបុគ្គលម្នាក់ៗ។ ជាក់ស្តែង
ខ្ញុំមិនអាចហាមឃាត់ចិត្តរបស់ខ្ញុំ បេះដូងរបស់ខ្ញុំមិនឲ្យស្រឡាញ់ ឬក៏ស្អប់អ្នកបានទេ។
ម្យ៉ាងទៀត ខ្ញុំក៏គ្មានសិទ្ធហាមចិត្តរបស់ខ្ញុំឲ្យស្រឡាញ់ឬក៏ស្អប់អ្នករហូត់បានដែរ
ដោយនៅពេលណាមួយ ចិត្តស្រឡាញ់ឬក៏ស្អប់របស់ខ្ញុំបានបាត់ទៅវិញ
ចិត្តស្រឡាញ់ឬក៏ស្អប់ក៏គ្មានទៀតដែរ។
ឧទាហរណ៍៖
មានបុរសអភ័ព្វស្នេហ៍ម្នាក់គួឲ្យស្រឡាញ់និងអត្តចរឹតរម្យទមបានធ្វើដំណើរផ្សងព្រេងទៅក៏បានជួបនារីសម្បូរស្នេហ៍ម្នាក់ដ៏ស្រស់សោភាដូចបុប្ផាក្រពុំនៅជាប់នឹងទង។ បុរសអភ័ព្វស្នេហ៍នោះក៏បានចាប់ចិត្តប្រតិព័ទ្ធនារីសម្បូរស្នេហ៍នោះទៅ។ ជាកុសលកម្ម បណ្តាលឲ្យបុរសអភ័ព្វស្នេហ៍រូបនេះបានទទួលស្នេហ៍ពីការដាក់ទានរបស់នារីសម្បូរស្នេហ៍ ហើយពួកគេទាំងពីរទទូលបានស្នេហាដ៏ផ្អែមទឹកឃ្មុំ។ ពួកគេទាំងពីរបានសាងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានជាច្រើនរាប់មិនអស់។ បុរសអភ័ព្វស្នេហ៍រូបនេះធ្លាប់ស្បថចំពោះខ្លួនឯងថា ខ្ញុំនឹងស្រឡាញ់នាងរហូត់ដល់អវសាន្តនៃជីវិត ហើយស្រឡាញ់តែរូបនាងម្នាក់គត់ ខ្ញុំនឹងមិនយកនរណាផ្សេងក្រៅពីនាងសម្បូរស្នេហ៍នេះឡើយ។ ចំណេរកាលក្រោយមក តាមច្បាប់ធម្មជាតិ គ្មានអ្វីដែលឋិតថេរនោះទេ អ្វីៗត្រូវបានប្រែប្រួល នារីសម្បូរស្នេហ៍ដោយហេតុនាងជានារីដែលស្រស់ឆើតឆាយបានក្បត់ចិត្តបុរសអភ័ព្វស្នេហ៍ទៅរកបុរសដទៃទៀត។ រឿងដ៏សែនឈឺចាប់នេះបានធ្វើឲ្យបុរសអភ័ព្វស្នេហ៍រូបនេះបានឈឺចិត្តស្អិតបេះដូង ក្ដៅចិត្តហាក់ដូចជាពើតចាប់ឈឺផ្សារកពាក្យអ្វីមកថ្លាថ្លែងឲ្យស្មើគ្មាន។ការព្រាត់ប្រាស់នេះធ្វើឲ្យបុរសអភ័ព្វស្នេហ៍លែងចង់រស់នៅលើផែនដីនេះតទៅទៀតពីព្រោះបុរសនេះគិតថាចិត្តបេះដូងរបស់គាត់មិនអាចឈប់ស្រឡាញ់នាងទេ។ បុរសអភ័ព្វស្នេហ៍ក៏បានសម្រេចចិត្តទៅសម្លាប់ខ្លួនដែលជាជម្រើសចុងក្រោយដោយអត់ទ្រាំនិងជំងឺមហារីកស្នេហាបេះដូងនេះពុំបាន។ បុរសអភ័ព្វស្នេហ៍កំពុងតែធ្វើដំណើរទៅបញ្ជាប់ជីវិតរបស់ខ្លួនគាប់ជួនបានជួបនិងព្រះសង្ឃអភ័ព្វស្នេហ៍ដែរ។ ព្រះសង្ឃអភ័ព្វស្នេហ៍ដែលមានបទពិសោធន៍ស្នេហានៃភាពឈឺចាប់រាប់មិនអស់មុនមកបួសជាសង្ឃ បានយល់និងដឹងពីបញ្ហារបស់បុរសអភ័ព្វស្នេហ៍នោះ។ព្រះសង្ឃអភ័ព្វស្នេហ៍បានសួរទៅកាន់បុរសអភ័ព្វស្នេហ៍ថាម្នាល់ឧបាសកតើឧបាសកធ្វើដំណើរទៅណាបានជាទឹកមុខក្រៀមក្រំម្លិះ? តើឧបាសកកើតរឿងអីអាចប្រាប់អាត្មាបានទេ?ភ្លាមនោះបុរសអភ័ព្វស្នេហ៍ឆ្លើយទាំងទឹកមុខប្រពោនដូចបុប្ផាខ្វះទឹកសន្សើមថា ខ្ញុំព្រះករុណាមិនអាចរស់នៅទៀតបានទេព្រោះមនុស្សដែលខ្ញុំស្រឡាញ់បំផុតជាងជីវិតខ្ញុំទៅទៀតគេមានអ្នកថ្មី ហើយខ្ញុំគិតថានឹងទៅផ្តាច់ជីពជនឥលូវនេះហើយ។ បន្ទាប់មកព្រះសង្ឃក៏បានពោលថា អាត្មាស្មាន់ថាមានរឿងអ្វីធំដុំតាមពិតរឿងជ័រកៅស៊ូសោះ។ពេលនោះបុរសអភ័ព្វស្នេហ៍ឆ្លើយតបទាំងខឹងថារឿងជ័រកៅស៊ូអីខ្ញុំព្រះករុណាឈឺខ្លាំងណាស់នឹងត្រូវស្លាប់ឥលូវហ្មឹងហើយ។ ព្រះសង្ឃក៏បាននិយាយកាត់ថា មុននឹងឧបាសកស្លាប់ អត្មានឹងនិទានរឿងមួយឲ្យស្តាប់សិន បន្ទាប់មកចាំទៅស្លាប់ទៅ។ ពេលនោះព្រះសង្ឃក៏និទានរឿងឲ្យបុរសអភ័ព្វស្នេហ៍ស្តាប់៖ មានសេចក្តីដំណាលថាកាលពីយូរលង់ណាស់មកហើយមានបុរសម្នាក់បានស្នាក់អាស្រ័យតែនៅក្នុងគុហាដែលគាត់មិនៃឃើញពន្លឺថ្ងៃបន្តិចណាសោះ។ ថ្ងៃមួយបុរសរូបនោះ ធ្វើដំណើរចេញពីគុហាមកខាងក្រៅ ស្រាប់តែបុរសនោះបានឃើញពន្លឺថ្ងៃ ស្របចំពេលថ្ងៃត្រង់ដែលកម្តៅរបស់ព្រះអាទិត្យក្តៅខ្លាំងពេលនោះបុរសរូបនោះក៏សម្រេចចិត្តលោតជ្រោះដើម្បីបញ្ចប់ជីវិតខ្លួន ព្រោះគាត់គិតថា គាត់មិនអាចរស់បានទេព្រោះអីវាក្តៅខ្លាំងពេក។ សំណួរសួរថា តើបុរសនោះល្ងង់ឬក៏ឆ្លាត?ចម្លើយគឺថាគាត់ជាមនុស្សល្ងង់ខ្លៅបំផុតពីព្រោះកម្តៅរបស់ព្រះអាទិត្យមិនអាចធ្វើឲ្យមនុស្សនោះស្លាប់ទេ។ តាមធម្មតា នាពេលព្រឹក វាត្រជាក់ល្អ តែនៅថ្ងៃត្រង់ វាក្តៅខ្លាំងណាស់ ហើយនៅពេលល្ងាចវាប្រាកដណាស់នឹងត្រជាក់វិញ។ ព្រះសង្ឃបានបន្តថា ចេតសិក គឺជាសភាវៈដែលកើតឡើងដោយចិត្តក៏បាត់បង់ដោយចិត្តដែរ។ធម្មតាចិត្តស្រឡាញ់របស់អ្នកពេលនេះមិនទាន់កាត់ចិត្តបានតែពេលក្រោយចិត្តស្រឡាញ់របស់អ្នកនឹងបាត់បង់ទៅមិនខាន តែយើងត្រូវការពេលវេលាសមស្របណាមួយប្រៀប្រដូចនិងកម្តៅរបស់ព្រះអាទិត្យដូចគ្នាហើយសមនិងមានឃ្លាមួយលើកឡើងថា ពេលវេលាគឺជាឧសថ្ថដ៏ពូកែស័ក្កសិទ្ធក្នុងការព្យាបាលស្នាមរបួសបេះដូងអ្នក។ ព្រះសង្ឃបានពោលបន្តថា អ្នកទៅគង់តែទៅ អ្នកមកគង់តែមក បើអ្នកស្រឡាញ់គាត់ អ្នកគួតែឲ្យគាត់ចាកចេញទៅ បើគាត់ស្រឡាញ់យើងគាត់នឹងត្រឡប់មកវិញជាមិនខាន។ អ្នកត្រូវគិតថា នាងគ្មានសំណាងបានអ្នកធ្វើជាគូអនាគត់ទេ ពីព្រោះអ្នកជាមនុស្សល្អ នាងនឹងបានមនុស្សប្រហាក់ប្រហែលនិងនាងអីញ្ជឹងហើយអ្នកនឹងមាននារីល្អណាម្នាក់នឹងធ្វើជាគូជីវិតមិនខាន។ តើអ្នកធ្លាប់លឺទេថា នាងរត់រកអ្នក ខាត់ល័ក្ខណ៍រត់រកបាក់សា ជំទាវរត់រកឧញ្ញា ទេពធីតារត់រកទេវបុត្រ។ តើអ្នកយល់ទេ? អាត្មានិយាយចប់ហើយ បើឧបាសកចង់ទៅសម្លាប់ខ្លួនក៏ទៅចុះ។ ពេលនោះស្រាប់តែ ទឹកមុខរបស់បុរសអភ័ព្វស្នេហ៍ប្រែពី មុខស្រពោនដូចរុក្ខជាតិខ្វះទឹកសន្សើមទៅជាទឹកមុខស្រស់ស្រាយដូចបុប្ផាក្រពុំហើយបុរសនោះបាននិយាយទាំងមានទំនុកចិត្តថា ខ្ញុំព្រះករុណាលែងចង់ស្លាប់ទៀតហើយជីវិតមានតម្លៃណាស់ចំពោះខ្ញុំពីថ្ងៃនេះតទៅខ្ញុំនឹងខំរក្សាចិត្តស្មោះរបស់ខ្ញុំជូនទៅនារីណាដែលសាកសម្យនឹងទទួលវា ហើយឲ្យទៅនារីណាដែលព្រមទទួលយកវានិងឲ្យតម្លៃវា។ជារួមមកចេតសិកមូលចិត្តចំពោះស្នេហាគឺចិត្តស្រឡាញ់តែងតែកើតមានចំពោះមនុស្សគ្រប់ហើយវាក៏បាត់បង់ទៅវិញដែរ។ សេចក្តីស្អប់ក៏ដូចគ្នាដែរអ្នកមិនអាចស្អប់អ្នកណាម្នាក់រហូត់នោះទេហើយដល់ពេលមួយដែលចិត្តស្អប់នោះបានបាត់បង់ទៅវានឹងរលត់ទៅដោយឯងៗ។
គ្មានការជួបណាដែលមិនព្រាត់ប្រាស់នោះទេថ្ងៃនេះជួបវាអាចថ្ងៃស្អែកបែកបើមិនចង់ឲ្យមានបែកលុះត្រាតែកុំជួប វាជាក្រឹតក្រមធម្មជាតិ។ដូច្នោះ អ្នកត្រូវតែរៀនរស់តែឯង។តើអ្វីទៅជា រៀនរស់តែឯង? {…}
រឿងនេះជាពិសេសសម្រាប់អ្នកមានវិបត្តស្នេហា អ្នកយកទៅពិចារណាបាន។
អរគុណចំពោះពាក្យរិះគន់ទាំងឡាយ!!!
និពន្ធដោយ៖ ស៊ិង សុង
The best idea.
ReplyDelete