ad

ad

ព្រឹត្តិការណ៏ថ្មី


រឿង គំនូរអភ័ព្វ


[……….]

ក្រោយពីភ្ជាប់ពាក្យរួច មីណ្ណេសូតាបានទទួលទិដ្ឋការទៅលេខប្រទេសបារាំងជាមួយអាណិកជននោះ។ តែដោយមិនពេញចិត្តនឹងបុរសនេះ នាងបានសុំគេទៅស្នាក់នៅផ្ទះមីងរបស់នាងក្នុងសង្កាត់ទីប្រាំបួន។ឯបុរស់នោះក៏យល់ព្រមតាមនាងដែរ។ រៀងរាល់ថ្ងៃនាងតែងតែយំនឹកគ្រួសារ ពិសេសឧត្តម បុរសមានសណ្ដានចិត្តល្អ ដែលបានឆក់យកបេះដូងរបស់នាង តែពេលខ្លះនាងមិនដឹងថាហេតុអ្វីនាងត្រូវសម្រេចចិត្តភ្ជាប់ពាក្យដូច្នោះទេ។ រៀងរាល់ល្ងាចនាងតែងធ្វើដំណើរទៅម្តុំប៉មអែសហ្វែល អង្គុយលេងម្នាក់ឯង ពេលខ្លះរហូតស្រក់ទឹកភ្នែកចូលទៅស្ទឹងសែនក៏មាន។​ពេលនេះទើបនាងដឹងថានាងពិតជាស្រឡាញ់ឧត្តមមែន។ម្តងនេះអ្នកដែលត្រូវស្រក់ទឹកភ្នែកមិនមែនជាឧត្តមទេ តែគឺជារូបនាង។ បេះដូងនាងត្រូវការឧត្តមជានិច្ច ចង់ជួបមុខគេដូចមុន ចង់ឃើញទង្វើល្អរបស់គេ​ ការយកចិត្តទុកដាក់ដែលគេធ្លាប់មានចំពោះនាង គ្មានបុរសណាម្នាក់មកជំនួសឧត្តមបានឡើយ។ ពិសេសនាងចង់មកឈរនៅទីនេះជាមួយឧត្តម ដូចដែលអ្វីដែលនាងធ្លាប់ប្រាប់គេកន្លងមក។ លើកនេះគេទាំងពីរត្រូវរស់នៅម្ខាងផែនដីម្នាក់ហើយ។
 ចំណែកឧត្តមបានត្រឹមសោកសង្រេង ពុំជឿថាវាជាការពិតឡើយ។ គេបានត្រឡប់មកភ្នំពេញវិញ ហើយបន្តអាជីពជាគ្រូបង្រៀនភាសាបារាំងដូចធម្មតា។ ក្នុងជីវិតមនុស្សគ្មាននរណាម្នាក់ចង់បែកពីមនុស្សពិសេសទេ តែនេះជាច្បាប់ធម្មជាតិ បើមិនមែនជាគូរយើងទោះព្យាយាមយ៉ាងណាក៏គ្មានបានប្រយោជន៍អ្វីដែរ។ យ៉ាងច្រើនខូចចិត្តមួយខែពីរខែ ទុកឲ្យពេលវេលាជាអ្នកព្យាបាលការឈឺចាប់ទាំងប៉ុន្មាន។
ជាងកន្លះឆ្នាំហើយដែលមីណ្ណេសូតាបានទៅស្នាក់នៅទីក្រុងប៉ារីស។ ឧត្តមនិងនាងមិនដែលបានទាក់ទងគ្នាសោះបាត់ដំណឹងសូន្យឈឹងតែម្តង។ នៅឯភ្នំពេញវិញ ឧត្តមបាននាំក្មួយស្រីជាទីស្រឡាញ់របស់ខ្លួនអាយុប្រហែលបួនឆ្នាំ ឲ្យមករៀននៅក្រុង ព្រោះអីនៅជនបទក្មេងៗពុំសូវទទួលបានការអប់រំស្មើនឹងអ្នកទីក្រុងទេ ពិសេសគេមិនអាចប្រៀបធៀបការអប់រំជាមួយកូនអ្នកមាន អ្នកធំៗ មន្រ្តីជាន់ខ្ពស់ដែលមានសមតម្ថភាពបញ្ជូនកូនទៅរៀននៅសាលាតម្លៃថ្លៃៗ គុណភាពក៏ល្អ។ ក្មេងស្រីតូចនេះឈ្មោះ សុចិត្រា គេធ្លាប់សន្យាប្រាប់នាងតូចនេះថានាំនាងមករៀននៅទីក្រុង​ ជួយនាងឲ្យរៀនរហូតចប់មហាវិទ្យាល័យ។ នេះគឺជាចំណងដៃមួយដែលឧត្តមមានចំពោះក្មួយស្រីជាទីស្រឡាញ់។
បើទោះបីជាមីណ្ណេសូតាបានចាកចេញពីជីវិតឧត្តមក្តី ឧត្តមនៅតែរក្សារូបគំនូររបស់មីណ្ណេសូតាជាប់ខ្លួនជានិច្ច ពិសេសរូបដែលគេគូរមិនឲ្យនាងដឹង។វាគឺជាអនុស្សាវរីយមិនអាចកាត់ថ្លៃបានចំពោះគេ។ គេមិនដឹងថាឆ្នាំណាមានឱកាសជូនទៅនាងដោយផ្ទាល់ដៃខ្លួនឡើយ។ ឬជាតិនេះគេមានឱកាសទេ?
ឧត្តមបានបង្ហាញរូបគំនូររបស់មីណ្ណេសូតាឲ្យក្មួយគេមើល ហើយបានតាំងវានៅក្នុងបន្ទប់ជួល។ ឧត្តមបានប្រាប់ក្មួយខ្លួនថា មីងម្នាក់នេះឈ្មោះមីណ្ណេសូតា នាងកំពុងរស់នៅទីក្រុងប៉ារីស នាងគឺជាមនុស្សម្នាក់គត់ដែលគេស្រឡាញ់។ សុចិត្រាមិនជាយល់ប៉ុន្មានទេពីសេចក្តីស្រឡាញ់ នាងតូចម្នាក់នេះ គ្រាន់តែចាំមុខមីណ្ណេសូតាតាមរយៈរូបគំនូរនៅលើជញ្ជាំងតែប៉ុណ្ណោះ។
ពីរឆ្នាំកន្លងផុតទៅមីណ្ណេសូតានៅតែមិនទាន់ត្រឡប់មកប្រទេសកម្ពុជាទៀត។ នាងបានសុំផ្តាច់ពាក្យពីបុរសអាណិកជននោះ ហើយមកស្នាក់នៅជាមួយមីងនៅសង្កាត់ទីប្រាំបួនដដែល ដោយសុំបន្តទិដ្ឋការ។ ឯឧត្តមវិញមិនចាកចេញទៅណាឆ្ងាយទេពីទីក្រុងភ្នំពេញ។
 ថ្ងៃមួយគេធ្លាក់ខ្លួនឈឺខ្លាំង ហើយមិត្តភក្តិបានបញ្ចូនគេទៅមន្រ្តីពេទ្យកាលម៉ែត។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថាឧត្តមមានជំងឺមហារីក្រពះធ្ងន់ធ្ងរចាំបាច់ត្រូវបញ្ចូនទៅក្រៅប្រទេស។ ពេលនោះគ្រួសាររបស់ឧត្តមមានភាពតក់ស្លុតយ៉ាងខ្លាំង។ ម្តាយរបស់គេយំគ្មានលោះថ្ងៃឡើយ គាត់ស្រឡាញ់ឧត្តមខ្លាំងណាស់ មិនចង់ព្រាត់ប្រាស់ពីកូនទាំងក្មេងដូច្នេះទេ។ គាត់ចង់ឲ្យឧត្តមបង្កើតចៅឲ្យគាត់ពរមួយ។ ឧត្តមមិនមានជីវភាពធូរធារទេ គេបានលក់ទ្រព្យបន្តិចបន្តូចដែលខ្លួនមានដើម្បីព្យាបាល ឯមិត្តភក្តិគេបានត្រឹមតែរៃអង្គាសប្រាក់បានស្តួចស្តើង ពុំគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺដ៏កាចសាហាវនេះបានឡើយ។ តែសំណាងល្អ កាលគេនៅមានសុខភាពល្អ ឧត្តមធ្លាប់ស្គាល់សេដ្ឋីជនជាតិបារាំងម្នាក់។ គេរាប់អានគ្នាដូចបងប្អូនអ៊ីចឹង។ក្រោយពេលទទួលដំណឹងថាឧត្តមមានជំងឺធ្ងន់ធ្ងរ សេដ្ឋីនេះបានធ្វើដំណើរមកស្រុកខ្មែរ ហើយបានជួយរៀបចំសំណុំបែបបទដើម្បីបញ្ចូនឧត្តមទៅព្យាបាលនៅប្រទេសបារាំង។ មួយសប្តាហ៍ក្រោយមកឧត្តមនិងក្មួយស្រីរបស់គេព្រមទាំងអ្នកម្ដាយបានធ្វើដំណើរមកដល់ទីក្រុងប៉ារីសតាមរយៈយន្តហោះអ៊ែរហ្វ្រង់។ គេស្នាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យល្បីមួយក្នុងទីក្រុងប៉ារីស។ មិនទាន់ជាន់ទឹកដីបារាំងបានស្រួលបួលផង អាការៈគេកាន់តែធ្ងន់ទៅៗរហូតលែងដឹងខ្លួន។ ក្រុមគ្រូពេទ្យបានខិតខំស្វះស្វែងព្យាបាលគេដោយយកចិត្តទុកដាក់ជាទីបំផុត។ 
កាលពីមុនពេលមកព្យាបាលនៅទីក្រុងប៉ារីស ឧត្តមធ្លាប់និយាយជាមួយក្មួយស្រីរបស់គេ សុចិត្រាដែលទើបតែដល់អាយុ៧ឆ្នាំ។ គេបានប្រគល់គំនូរនោះដល់នាង ហើយបានផ្តែផ្តាំថា៖
<<ចិត្រាក្មួយ បើក្មួយឃើញអ្នកមីងម្នាក់មានភិនភាគដូចនេះ ក្មួយត្រូវប្រគល់គំនូរនេះដល់គាត់។ គាត់ប្រាកដជាដឹងថាអ្នកណាជាអ្នកគូរ។ ហើយប្រាប់គាត់ថា ពូនៅតែស្រឡាញ់មីងជារៀងរហូត ហើយចង់ជួបមុខមីងជានិច្ច។ ហើយពូសុំទោស ដែលមិនអាចប្រគល់គំនូរនេះទៅអ្នកមីង ដោយផ្ទាល់ដៃពូ។>>
ចិត្រាបានត្រឹមតែឆ្លើយចាស៎ៗពូ ហើយពុំសូវយល់ការណ៍អ្វីទេ។
នៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងប៉ារីស ក្រុមគ្រូពេទ្យហាក់អស់សង្ឃឹមហើយចំពោះឧត្តម ឯម្តាយគេបានត្រឹមតែអង្គុយសម្រក់ទឹកភ្នែក បាយទឹកពុំចូលឡើយ។ គាត់គិតកូនរហូតស្គមរីងរៃ។
ល្ងាចមួយកូនស្រីរបស់សេដ្ឋីបារាំងបាននាំចិត្រាដើរលេងនៅតាមមាត់ស្ទឹងសែនដើម្បីកុំឲ្យនាងនៅតែក្នុងមន្ទីរពេទ្យពេក។ ចិត្រានិងជនជាតិបារាំងនោះដើររហូតដល់ឡាទួរអែហ្វហ្វែល នាងបានដាក់រូបគំនូររបស់មីណ្ណេសូតានៅក្នុងកាបូបរបស់នាងជានិច្ច។ ពេលកំពុងកាន់ដៃកូនសេដ្ឋីបារាំងចិត្រាចោលភ្នែកទៅម្តុំសួនច្បារមួយកន្លែង នាងហាក់ចម្លែកចិត្តពេលឃើញនារីម្នាក់អង្គុយម្នាក់ឯងទឹកមុខស្រងូតស្រងាត់។ ចិត្រាហាក់ធ្លាប់ស្គាល់នារីនោះពីយូរណាស់មកហើយ តែមិនពិតទេនាងមិនស្គាល់ទេ ព្រោះនាងមិនធ្លាប់មកប្រទេសបារាំងទេ។ ដោយមានការសង្ស័យនាងបានចាប់ទាញគំនូររបស់ពូនាងចេញមកក្រៅ ហើយក្រឡែកមើលទៅនារីនោះម្តងទៀត ហើយស្រែកឡើង។
<<មីងតើ។ គឺមីងហ្នឹងហើយ។ មីងមីណ្ណេសូតា ខ្ញុំរកឃើញគាត់ហើយ។ ពូអើយគាត់នៅទីនេះតើ។>>
រួចហើយនាងក៏និយាយជាភាសាបារាំង ដោយលើករូបគំនូរបង្ហាញកូនស្រីសេដ្ឋីបារាំង។
<<C’est elle! C’est ma tante! Elle s’appelle Minnesota. Elle connait bien mon oncle. Elle est là>>
និយាយមិនទាន់ផុតពីមាត់ផង នាងក៏កន្រ្តាក់ដៃចេញពីកូនបារាំងនោះ​ ហើយរត់ទៅនារីដែលនៅឯសួននោះ ហើយនិយាយទៅកាន់នាង។
<<មីង! មីង!មីង! មីងសូតា! មីងគឺមីងមីណ្ណេសូតា!ខ្ញុំរកឃើញមីងហើយ។Vous êtes Minnesota ?>>
គ្រាន់តែលឺសុចិត្រាស្រែក នារីនោះភ្ញាក់ខ្លួនព្រើត។ នាងគឺពិតជាមីណ្ណេសូតា។ នាងតបទៅចិត្រាវិញភ្លាមៗ។
<<ពុទ្ធោក្មួយៗ! ម្តេចក្មួយដឹងថាមីងឈ្មោះសូតា? ក្មួយជាកូនអ្នកណាគេ? មីងមិនដែលស្គាល់ទេ។ម្តេចហៅឈ្មោះមីងចំៗច្បាស់ម្ល៉េះ?>>
នាងតូចតបវិញ។
<<ខ្ញុំស្គាល់មីង !>>
និយាយបណ្ដើរនាងលូកយករូបគំនូរចេញពីកាបូបស្ពាយបណ្ដើរ ហើយហុចទៅមីណ្ណេសូតា។ គ្រាន់តែឃើញគំនូរភ្លាមមីណ្ណេសូតាស្លុតចិត្ត បើកភ្នែកធំៗ និយាយមិនចេញ ទឹកភ្នែកចាប់ផ្តើមស្រក់ចុះមិនដឹងខ្លួន ពេលឃើញរូបខ្លួនដែលបានលុបចោលពីហ្វែសប៊ុកកាលពីយូរឆ្នាំណាស់មកហើយ ហេតុអ្វីក៏មានអ្នកអាចគូររូបនេះបាន។​មួយសន្ទុះក្រោយមក នាងអោនចុះអោបចិត្រាយ៉ាងណែន រួចសួរនាំនាងតូចទាំងអួលដើមក។
<<ក្មួយសម្លាញ់ ប្រាប់មីងមកមើល ក្មួយបានគំនូរនេះមកពីណា?>>
<<ពូក្មួយឲ្យក្មួយ។ គាត់ប្រាប់ថាឃើញមីងពេលណា ក្មួយត្រូវឲ្យគំនូរនេះទៅមីងពេលនោះភ្លាម។ ហើយពូប្រាប់ថា គាត់ស្រឡាញ់អ្នកមីងណាស់។ គាត់ចង់ជួបអ្នកមីងណាស់។ គាត់នឹកអ្នកមីងគ្រប់ពេល។ហើយពូសុំទោសដែលមិនអាចប្រគល់គំនូរនេះទៅអ្នកមីង ដោយផ្ទាល់ដៃ។ពូខ្ញុំឈ្មោះឧត្តម។>>
<<ព្រះអើយក្មួយសម្លាញ់របស់មីង។ មីងសុំទោសមីងមិនស្គាល់ក្មួយទាល់តែសោះ។ មីងធ្លាប់លឺពូក្មួយគេនិយាយប្រាប់មីងថាមានក្មួយស្រីម្នាក់អាយុពីរឆ្នាំ។ ឥឡូវក្មួយធំហើយ។>>
មីណ្ណេសូតាស្រក់ទឹកភ្នែកកាន់តែខ្លាំងឡើងៗ។ ចិត្រាឃើញក៏លើកដៃស្តាំជូនថ្ពាល់អ្នកមីងរបស់គេ។
<<អ្នកមីងកុំយំអី។ មីងយំអ៊ីចឹងមិនស្អាតទេ។ តាំងពីតូចមកក្មួយឃើញអ្នកមីងញញឹមរហូត មើលតែគំនូរនេះដឹងហើយ។ មីងញញឹមស្អាតណាស់។ ពូធ្លាប់ប្រាប់ថាមីងចូលចិត្តញញឹម ហើយការញញឹមនេះធ្វើឲ្យអ្នកមីងកាន់តែស្អាតឡើងៗ។ មីងឈប់យំទៅមីង។
<<ចាស៎ក្មួយមីង។ មីងឈប់យំហើយ។ ក្មួយមីងឆ្លាតណាស់ដូចពូរបស់ក្មួយចឹង។ មើលប្រាប់មីងមើល ពូក្មួយគាត់រស់នៅទីណាឥឡូវនេះ? ម្តេចក្មួយអាចមកដល់ស្រុកបារាំងបាន?>>
សុចិត្រាឆ្លើយតប ដោយលើកដៃឆ្វេងចង្អុលទៅទិសខាងកើតគឺជាមន្ទីរពេទ្យដែលឧត្តមកំពុងត្រូវសង្រ្គោះបន្ទាន់។
<<ខ្ញុំមកជាមួយបារាំងស្រីម្នាក់។ គាត់នៅឯមាត់ស្ទឹងឯណោះ។ ឯពូវិញកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីនោះមិនឆ្ងាយទេ។>>
<<ពុទ្ធោ!​ឧត្តមឲ្យខ្ញុំសុំទោស។ម្តេចលោកមិនប្រាប់ខ្ញុំពីយូរណាស់មកហើយ? ម្តេចលោកលាក់ខ្ញុំធ្វើអ្វី?សុំទោសឧត្តម!>>(នៅ​មានវគ្គត)

ដោយ​៖ ប៊ួ បញ្ញា
រក្សាសិទ្ធគ្រប់យ៉ាង​ ដោយប្លុក 4share-ចែកចាយ

បញ្ចេញ វាចារណ៏

No comments