ad

ad

ព្រឹត្តិការណ៏ថ្មី


តើគួររៀបចំយុទ្ធសាស្រ្តបែបណា ដើម្បីខ្មែរឈ្នះ នៅក្រោយការរំលាយបក្សប្រឆាំង?

(EPA photo)

ដូចការទាយទុករបស់បណ្ឌិតកែម ឡី នៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងតាមពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ។ ភ្លាមៗក្រោយពេលរំលាយប្រតិកម្មនានាបានធ្លាក់មកលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមមានការហាមប្រាមមិនឲ្យចូលទឹកដីអាមេរិក ការបង្កកទ្រព្យសម្បត្តិ ការកាត់ផ្តាច់ជំនួយ ពិសេសការពិនិត្យលើការអនុគ្រោះពន្ធលើការនាំចូលអាមេរិក និងអឺរ៉ុប។
ចង់មិនចង់ រហូតពេលនេះគណបក្សប្រឆាំងត្រូវបានលុបឈ្មោះចេញពីបញ្ចីគណបក្សនយោបាយ ហើយស្លាកបក្សនេះត្រូវបានរុះរើកម្ទេចនៅទូទាំងប្រទេស ឯក្រុមតំណាងរាស្រ្តភាគច្រើនបានរត់ជ្រកកោននៅបរទេសក្នុងគោលបំណងធ្វើចលនានយោបាយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងភ្នំពេញ។ អ្វីដែលសំខាន់គឺការហាមមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងជាង១០០នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ត្រូវដឹងថារឿងធ្វើរដ្ឋប្រហារទម្លាក់ នាយករដ្ឋមន្រ្តីទីមួយស្របច្បាប់នៅឆ្នាំ១៩៩៧ គេអាចធ្វើបាន រឿងអីគេមិនហ៊ានរំលាយគណបក្សប្រឆាំងមួយដែលមិនទាន់កាន់អំណាចផង។ អ្វីសំខាន់គឺបក្សកាន់អំណាចហ៊ានលេងល្បែងនយោបាយនេះ ហើយព្យាយាមយកចិត្តអន្តរជាតិនៅតាមក្រោយ រហូតកាន់អំណាចដល់បច្ចុប្បន្ន។ ខ្ញុំនឹងត្រឡប់មកនិយាយពីឥទ្ធិពលនៃចលនានយោបាយក្រៅប្រទេសនៅពេលក្រោយ។ យើងត្រឡប់មកមើលមូលហេតុនៃការកម្ទេចបក្សប្រឆាំង។ គ្មានអីពិបាកឆ្ងល់ច្រើនទេ គណបក្សកាន់អំណាចទំនងជាដឹងថាខ្លួននឹងចាញ់ការបោះឆ្នោតនៅខាងមុខ ពិសេសលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការស្រាវជ្រាវមួយដែលបែកធ្លាយបានបង្ហាញថាបក្សនេះនឹងចាញ់ឆ្នោតនាពេលខាងមុខ។ នេះគឺជាអ្វីដែលគេមិនចង់ឲ្យកើតមានឡើយ។

សំណួរគឺតើក្រុមអ្នករៀបយុទ្ធសាស្រ្តនៃបក្សកាន់អំណាចមិនខ្លាចចលនាបះបោរក្នុងប្រទេស និងសម្ពាធអន្តរជាតិទេឬ?
មិនមែនគេមិនដឹងទេ។ គេបានដឹងច្បាស់ និងបានរៀបចំជម្រើសផ្សេងៗដើម្បីឆ្លើយតបទៅនឹងកម្លាំងទាំងក្នុងនិងក្រៅ។
ទីមួយ ៖ កម្លាំងក្នុងប្រទេស ចលនាបះបោររបស់ប្រជាពលរដ្ឋមិនទាន់កើតមានទេ ហើយជម្រើសនៃការបះបោរគឺមិនល្អសម្រាប់សន្តិសុខនិងស្ថេរភាពជាតិ។

នេះគឺជាអ្វីដែលបក្សកាន់អំណាច បក្សប្រឆាំង និងអន្តរជាតិមិនចង់ឲ្យកើតមានឡើង ព្រោះអ្នកខាតគឺកម្ពុជា។ សូមបញ្ជាក់ថាមុនពេលសាវនាការំលាយបក្សប្រឆាំង ក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យពិនិត្យតាមដានរាល់ចលនាណាមួយ
ដែលមានបំណងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់។ រហូតមកដល់ពេលនេះប្រជាពលរដ្ឋខ្មែរនៅតែរក្សាភាពស្ងប់ស្ងាត់។ ពិសេសសកម្មជនបក្សប្រឆាំងកំពុងតែរងចាំការស្រែកពីខាងក្រៅប្រទេសរបស់មេដឹកនាំពួកគេ។ សរុបទៅរដ្ឋាភិបាលក្រុងភ្នំពេញបានគ្រប់គ្រងស្ថាការណ៍នៅក្នុងស្រុក រហូតដល់ការរៀបចំការបោះឆ្នោតនៅខែកក្កដា ២០១៨។ ហើយការបោះឆ្នោតនឹងត្រូវរៀបចំតាមការគ្រងទុក បើទោះបីមានការចោទសួរពីភាពស្របច្បាប់របស់រដ្ឋាភិបាល ក៏ដោយ។
ទីពីរ ៖ ចលនានយោបាយក្រៅប្រទេស និងសម្ពាធអន្តរជាតិ ក្រុមតំណាងបក្សប្រឆាំងកំពុងធ្វើចលនានយោបាយនៅលើទ្វីបធំៗបីគឺ អាមេរិក អឺរ៉ុប និងអូស្រ្តាលី(រួមមានញូហ្សឺឡែន)។ ចលនានេះគ្មានអ្វីក្រៅចង់បានការដាក់សម្ពាធ។ រូបភាពនៃការដាក់ទណ្ឌកម្មមានរូបភាពផ្សេងៗ។ ការកាត់ផ្តាច់ជំនួយ ការបិទទិដ្ឋការ ការបង្កកទ្រព្យសម្បត្តិ ហាមពលរដ្ឋអាមេរិកមិនឲ្យរកស៊ីជាមួយមន្រ្តីកម្ពុជាទំនងជាប៉ះពាល់តិចទូច ហើយឥទ្ធិពលរបស់វាក៏មិនទាន់មានភ្លាមៗដែរ។

ចុះការពិនិត្យលើការអនុគ្រោះពន្ធនាំចូលអាមេរិកនិងអឺរ៉ុប?
វាអាចប៉ះពាល់គួរសមលើពលរដ្ឋកម្ពុជា ពិសេសកម្មករ កសិករជាដើម និងអ្នករកស៊ីផ្នែកកាត់ដែរដែលភាគច្រើនជាជនជាតិចិន។ តែទោះយ៉ាងណាវាមិនទាន់មានឥទ្ធិពលខ្លាំងភ្លាមៗលើសេដ្ឋកិច្ចកម្ពុជា ហើយជម្រើសនេះមិនមែនជាអ្វីដែលមហាអំណាចចង់បានទេ ព្រោះគេមិនចង់ឲ្យ ប៉ះពាល់ដល់ពលរដ្ឋខ្មែរ និងប្រយោជន៍គេផ្ទាល់។
តើមានកត្តាអ្វីដែលលើកទឹកចិត្តឲ្យបក្សកាន់អំណាចហ៊ានលេងសន្លឹកបៀរនេះ?
ទីមួយ៖ កត្តាចិត្តសាស្រ្ត
បក្សកាន់អំណាចមើលឃើញថាប្រជាពលរដ្ឋខ្មែរមានភាពភ័យខ្លាច ហើយការរៀបចំការបង្រ្កាបចលនាបះបោរណាមួយគឺជាអ្វីដែលរដ្ឋាភិបាលក្រុងភ្នំពេញតែងលើកឡើងជាញយៗ។ កន្លងមកខ្មែរធ្លាប់បាក់ស្បាតចំពោះរឿងជាច្រើន ហើយពិសេសក្រោយការបោះឆ្នោតឆ្នាំ២០១៣​ មានមនុស្សជាច្រើននាក់បាត់បង់ជីវិតដោយគ្មាននរណាទទួលខុសត្រូវឡើយ។
ទីពីរ ៖ការបន្ធូរបរិយាកាសនយោបាយក្រោយការបោះឆ្នោត
បើបក្សប្រឆាំងនៅតែរេចុះរេឡើងជាមួយបរទេស វានឹងធ្វើឲ្យខ្មែរទាំងសងខាងខាត ហើយ បក្សកាន់អំណាចនឹងមិនខ្លាចក្នុងការរៀបចំការបោះឆ្នោតនៅពេលខាងមុខឡើយ។
ពេលនោះវានឹងហួសពេលសម្រាប់បក្សប្រឆាំង។ បក្សកាន់អំណាចនៅតែបន្តកាន់អំណាច ហើយជម្រើសរើសយកគឺមានបី។ ទីមួយយកចិត្តម្ចាស់ប្រទេសតាមរយៈការធ្វើកំណែទម្រង់សំខាន់ៗ។ ទីពីរយកចិត្តអន្តរជាតិដោយបន្ធូរបន្ថយស្ថានការណ៍នយោបាយរួមមាន ការដោះលែងអ្នកទោសនយោបាយ ការសម្របសម្រួលឲ្យមានការបង្កើតបក្សប្រឆាំងមួយវិញ។ ទីបីអាចលើទឹកចិត្តឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះនៅក្រោយការបោះឆ្នោត។ ដូចបានរៀបរាប់ខាងលើល្បែងនយោបាយមួយនេះត្រូវបានបក្សកាន់អំណាចលេងយ៉ាងមានប្រសិទ្ធិភាពនៅក្រោយថ្ងៃរដ្ឋប្រហារ ៥,៦ កក្កដា។
ទីបី៖ ភូមិសាស្រ្តនយោបាយ
យើងត្រឡប់មកមើលចិនវិញមុនគេ។
គេត្រូវដឹងថាចិនមានទឹកមាត់ប្រៃសម្បើមណាស់សព្វថ្ងៃ ពិសេសរឿងភាពតានតឹងនៅឧបទ្វីបកូរ៉េ និង នៅកម្ពុជា។ចិនបាននិយាយទាំងបើកចំហថាគាំទ្រការសម្រេចចិត្តក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលក្រុងភ្នំពេញទាក់ទងនឹងការរំលាយបក្សប្រឆាំង។ នេះវាបានបង្ហាញចំៗថាកម្ពុជានៅមានបងធំចិននៅពីក្រោយផ្តល់ភាពកក់ក្តៅជានិច្ច បើទោះជាវាមានរយៈពេលកំណត់ណាមួយ ឬក៏ជាភាពកក់ក្តៅក្លែងក្លាយក៏ដោយ។
យើងមកពិនិត្យប្រទេសក្បែងខាងខ្មែររួមមានថៃ និងភូមា។ យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រីយីងឡាក់ ហើយក្តោបក្តាប់អំណាចមកដល់សព្វថ្ងៃ ដោយពុំមានប្រទេសណាហ៊ានក្កក សូម្បីអាមេរិកជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចក៏មិនមានប្រតិកម្មធំដុំណាមួយដែរ។ ឯភូមាវិញក៏កំពុងទទួលរងការរិះគន់ពីអន្តរជាតិចំពោះវិបត្តិជនជាតិភាគតិចរ៉ូហ៊ីនយ៉ា។ រហូតមកដល់ពេលនេះសម្ពាធអន្តរជាតិក៏មិនទាន់ធ្លាក់ខ្លាំងដែរ ចំពោះប្រទេសនេះ។
លើសពីនេះនៅអាស៊ីវិបត្តិដែលអន្តរជាតិយកចិត្តទុកដាក់បំផុតគឺរឿងឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង។ ចំពោះរដ្ឋបាលរបស់លោកដូណាល់ត្រាំវិញពុំបានផ្តល់សារៈសំខាន់លើបញ្ហាសិទ្ធិមនុស្សប៉ុន្មានទេ។ សូមបញ្ជាក់ថាក្នុងកំឡុងពេលដំណើរទស្សនៈកិច្ចមួយជុំនៅទ្វីបអាស៊ីនៅដើមខែវិច្ឆិកានេះ លោកត្រាំផ្តោតសំខាន់សន្តិសុខក្នុងតំបន់គឺ លើវិបត្តិនុយក្លេអែកូរ៉េខាងជើង បញ្ហាសេដ្ឋកិច្ច និង ភេរវកម្មជាដើម។
បើដូចនេះតើគេគួរររៀបចំយុទ្ធសាស្រ្តបែបណាដើម្បីឲ្យខ្មែរឈ្នះ?
ទីមួយ ៖ ពិនិត្យមើលមូលហេតុ
តាំងពីក្រោយធ្វើវិសោធកម្មរដ្ឋធម្មនុញ ឆ្នាំ ២០០៦(មានការចូលរួមរបស់លោកសម រង្ស៊ី) ដែលអនុញ្ញាតឲ្យមានការធ្វើសម្រេចចិត្តពី ពីរភាគបី (២/៣) មកហាសិបភាគរយបូកមួយ(៥០%+១) គណបក្សកាន់អំណាចត្រូវបានគេប្រសិទ្ធិនាមថាបក្សជិះសេះលែងដៃ។ មានន័យថាបក្សនេះធ្វើសេចក្តីសម្រេចចិត្តនានាតាមការចង់បានរបស់ខ្លួន រួមមានការធ្វើច្បាប់នានាជាដើម។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះ បក្សកាន់អំណាចនៅតែឈ្នះឆ្នោតបានសម្លេងលើសពីរ៥០%+១ ។
ទីពីរ ៖ ដំណោះស្រាយដ៏សមស្រប ខ្មែរមិនអាចចាំមើលបរទេស រងចាំបរទេសមកដោះស្រាយបញ្ហាខ្មែរទៀតទេ។ ខ្មែរអាចដោះស្រាយវិបត្តិនយោយបាយទាំងនេះដោយមកធ្វើការជុំគ្នា លើកបញ្ហានានា។

ដំណោះស្រាយទីមួយ
ដំបូងគេត្រូវបំបែកសម្លេង៥០%+១ របស់បក្សកាន់អំណាច។
តើគេអាចបំបែកបានទេ?
គឺពិតជាបាន ព្រោះអីខ្ញុំធ្លាប់បានរៀបរាប់ខាងលើថា បក្សកាន់អំណាចនឹងចាញ់ឆ្នោតគឺមានន័យថាបក្សនេះនឹងមិនទទួលបានសម្លេង៥០%+១ ឡើយ។ រដ្ឋាភិបាលដែលកើតឡើងក្រោយការបោះឆ្នោតខាងមុខត្រូវប្រសូតចេញពីបក្សបីឬលើសនេះ។ ។ ដូចនេះគេមិនអាចជិះសេះលែងដៃតទៅទៀត។
ដើម្បីបំបែកបានទាមទារឲ្យមានចលនានយោបាយពីរគឺចលនា នយោបាយថ្មីមានន័យថាអ្នកនយោបាយជំនាន់ថ្មីដែលជាអតីតសង្រ្គោះជាតិ ព្រោះអីអ្នកនយោបាយជំនាន់មុនត្រូវបានគេហាមឃាត់មិនឲ្យធ្វើនយោបាយ។ ចលនាមួយទៀតគឺជាបក្សនយោបាយណាមួយដែលមានកម្លាំងសមស្រប ហើយពិតជាមានឧត្តមគតិគិតពីជាតិមែន។ អ្នកដែលដឹងថាបក្សនេះល្អមិនល្អគឺជាការសម្រេចចិត្ត ពិនិត្យតាមដាន និងការយល់ដឹងរបស់ម្ចាស់ឆ្នោត។ ដើម្បីអាចលេងសន្លឹកបៀរថ្មីនេះបានវាទាមទារនៅការសម្រេចចិត្តរបស់អតីតមេដឹកនាំបក្សប្រឆាំងថាតើហ៊ានឲ្យអតីតសកម្មជនជំនាន់ក្រោយរបស់ខ្លួនធ្វើឬទេ។
អ្នកដឹកនាំសង្រ្គោះជាតិត្រូវបង្ហាញពលរដ្ឋថា បើទោះបីគ្មានវត្តមានខ្លួន ក៏អ្នកដឹកនាំជំនាន់ក្រោយអាចរៀបចលនានយោបាយមួយដ៏ខ្លាំងក្លា។ ជម្ងឺតួរឯកគួរត្រូវបានបញ្ឈប់។
មួយទៀតគឺការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋត្រូវមើលឃើញថាមានតែជម្រើសនេះបានសមស្របសម្រាប់ស្រោចស្រង់ស្ថានការណ៍បច្ចុប្បន្ន។ នេះគឺជាល្បែងប្រជាធិបតេយ្យដែលអាចលេងជាមួយបក្សកាន់អំណាច។
ការបោះឆ្នោតមួយដែលបក្សកាន់អំណាចឈ្នះដាច់ពេក ឬ ចាញ់តែម្តងមិនមែនជាជម្រើសរបស់គេទេ។ គេចង់ឲ្យមានដៃគូរណាមួយគួរសមល្មម ដើម្បីបង្ហាញថាបរិយាកាសនយោបាយនៅមានការប្រកួតប្រជែងគ្នា ដើម្បីយកចិត្តអន្តរជាតិ។ ការបំបែកសម្លេង៥០%+១ ប្រសើរជាងការដែលបក្សកាន់អំណាចចាញ់ដាច់ ហើយការឲ្យអ្នកដឹកនាំជំនាន់ក្រោយរបស់បក្សប្រឆាំងចូលរួមជាការបន្ធូរបរិកាសនយោបាយ។
ដំណោះស្រាយទីពីរ នៅក្រោយការបោះឆ្នោត
គណបក្សនយោបាយគួរយកគោលនយោបាយរបស់ខ្លួនទៅចរចារ មិនមែនចរចារចែកអំណាចគ្នាទេ។ បក្សរាជានិយម និងបក្សប្រឆាំងបានភ្លក្សរសជាតិមេរៀននេះរួចមកហើយ។ ការបែងចែកអំណាចលទ្ធផលចុងក្រោយពីបក្សកាន់អំណាចជាអ្នកកម្ទេច។
ការចរចារលើគោលនយោបាយ បើទោះបីបក្សកាន់អំណាចនៅកាន់ប៉ុន្មានអាណត្តិទៀតក៏ស្ថានការណ៍មានភាពប្រសើរជាងមុន ត្បិតអំណាចរបស់គេត្រូវបានកាត់បន្ថយតាមរយៈយន្តការបំបែក៥០%+១។
ដំណោះស្រាយទីបី គឺការរៀបចំបក្សនយោបាយ។
ក្នុងប្រទេសប្រជាធិបតេយ្យដូចកម្ពុជា បក្សនយោបាយគឺជារឿងសំខាន់ ព្រោះបក្សនយោបាយជាអ្នកចេញគោលនយោបាយនានាដើម្បីអនុវត្តនៅពេលខ្លួនឈ្នះឆ្នោត។ បើបក្សមួយអន់តាំងពីផ្ទៃក្នុងឡើងហើយ កុំសង្ឃឹមថាអាចរៀបចំដឹកនាំប្រទេសបានឲ្យសោះ យោងអាត្មាមិនរួចទេ។
កន្លងមកគណបក្សកាន់អំណាចធ្លាប់បានបំបែកបក្សរាជានិយមខ្ទេចខ្ទី ត្បិតបក្សនេះខ្សោយណាស់ផ្ទៃក្នុង និងត្រូវគេមើលគេថាភាពដឹកនាំនៅខ្សោយ នេះមិនរាប់ទាំងយន្តការសម្រេចចិត្តនានាក្នុងបក្ស។ ឯចំពោះគណបក្សប្រឆាំងគេមិនអាចប្រើប្រាស់មធ្យោបាយបំបែកបំបាក់ដដែលៗឡើយ។ អ្វីដែលគេប្រើគឺយន្តការផ្លូវច្បាប់ រកច្រកកម្ទេចបក្សនេះឲ្យទាល់តែបាន។ តែបក្សប្រឆាំងទំនងជាមិនត្រូវបានរំលាយឡើយប្រសិនបក្សកាន់អំណាចគ្មានសម្លេងគ្រប់គ្រាន់ដើម្បីបង្កើតច្បាប់ថ្មីៗដែលមានចរឹកនយោបាយ។
បើគេមិនបានរៀបចំល្អទេ សំណួរដែលថាបក្សកាន់អំណាចនឹងបំបែកបក្សណាមួយទៀតនៅពេលអនាគតនឹងអាចកើតមានឡើង បើសិនគ្មានការរៀបចំផ្ទៃក្នុងឲ្យរឹងមាំ ហើយគ្មានការបំបែកសម្លេង៥០%+១។
ដំណោះស្រាយទីបួន ការបណ្តុះគំនិតនយោបាយ និងផ្លាស់ប្តូរផ្នត់គំនិតពលរដ្ឋចំពោះនយោបាយ និងអ្នកនយោបាយ
ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែយល់ច្រឡំចំពោះការធ្វើនយោបាយ ហើយពួកគាត់ម្នាក់ៗបានក្លាយទៅជាចំណាប់ខ្មាំងរបស់អ្នកនយោបាយដើម្បីប្រយោជន៍ខ្លួន។ ខ្ញុំសុំចែករំលែកគំនិតខ្លះៗ ដែលធ្លាប់បានបញ្ចេញកន្លងមក។
" ធ្វើនយោបាយមិនមែនជាការផ្តួលរំលំបុគ្គល ឬក្រុមណាមួយទេ ធ្វើនយោបាយគឺជាការចូលរួមដោះស្រាយបញ្ហាប្រទេសតាមរយៈគោលនយោបាយ។
ធ្វើនយោបាយមិនមែនយកកំហឹងនិងភាពឈឺចាប់របស់រាស្រ្តមកវាយប្រហារក្រុមផ្សេងទេ
ធ្វើនយោបាយគឺជាការឲ្យពលរដ្ឋចូលរួមសកម្មតាមរយៈការជជែកពីគំនិត និងធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវដើម្បីអនាគតដ៏ប្រសើររបស់ជាតិ។"
"នៅកម្ពុជា...
នៅកម្ពុជាគ្មានទេជនផ្តាច់ការ ហើយគ្មានទេជនក្បត់ជាតិដែរ។
នៅកម្ពុជាគ្មានទេអាយ៉ងយួន ហើយគ្មានទេអាយ៉ងអាមេរិកកាំង។
នៅកម្ពុជាមានតែជនរួមជាតិរបស់ខ្ញុំ។ យើងគឺជាខ្មែរ។ យើងមានអតីតកាលដូចគ្នា យើងមានបច្ចុប្បន្នកាលដូចគ្នា ហើយយើងនឹងប្រយុទ្ធដើម្បីអនាគតនៃប្រទេសជាតិរបស់យើង។ "
ជាសរុបគេមិនគួរបណ្តែតបណ្តោយឲ្យបក្សកាន់អំណាចរុញស្ថានការណ៍ទៅមុខ ដោយគ្មានកម្លាំងនយោបាយណាមួយប្រកួតប្រជែងនៅក្នុងការបោះឆ្នោតខាងមុខឡើយ។ ការបណ្តែតបណ្តោយ ហើយចាំពឹងលើអន្តរាគមន៍របស់អន្តរជាតិនឹងមិនផ្តល់ផលចំណេញ ជាងការដោះស្រាយប្រកបដោយយុទ្ធសាស្រ្តចេញពីផ្ទៃក្នុងប្រទេស។ ខ្មែរមានកម្លាំងប្រជាពលរដ្ឋគ្រប់គ្រាន់ហើយដើម្បីលេងល្បែងប្រជាធិបតេយ្យ ហើយភាពជាអ្នកដឹកនាំគឺជាការចាំបាច់។
ដោយ៖ ប៊ួ បញ្ញា
រក្សាសិទ្ធគ្រប់យ៉ាងដោយ 4share-ចែកចាយ

បញ្ចេញ វាចារណ៏

No comments